អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ១ខ្សែ ប្រវែង ២២គីឡូម៉ែត្រ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកសេសាន ខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ២២គីឡូម៉ែត្រ តភ្ជាប់ពីឃុំស្រែគរ ទៅឃុំតាឡាត ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិក្រឡាពុះ និងភូមិខ្សាច់ថ្មីធំ ឃុំតាឡាត ចំនួន ៣១០នាក់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមនៅក្នុងឱកាសនោះ។ មានប្រសាសន៍នៅក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមក បងប្អូនប្រជាពលរដ្ឋត្រូវចំណាយថវិកាជាច្រើន ពេលវេលាយូរ និងត្រូវធ្វើដំណើរចម្ងាយប្រមាណ ១៥០គីឡូម៉ែត្រ ទើបមកដល់ទីរួមខេត្ត។ ដូច្នេះ នៅដើមខែមីនា ឆ្នាំ២០១៨ ខាងមុខ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ២២គីឡូម៉ែត្រនេះ នឹងត្រូវស្ថាបនារួចរាល់ជាស្ថាពរ ហើយបងប្អូននឹងចំណាយថវិកាតិច ចំណេញពេលវេលា ងាយស្រួលក្នុងការធ្វើដំណើរ និងជួយលើកម្ពស់ជីវភាពរបស់បងប្អូនផងដែរ។

ប្រជាពលរដ្ឋទូទាំងស្រុកសេសាន ពិសេសប្រជាពលរដ្ឋនៅឃុំតាឡាត និងឃុំស្រែគរ បានសម្តែងនូវការអបអរសាទរ រីករាយយ៉ាងក្រៃលែងចំពោះសមិទ្ធផលថ្មីនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយនូវរាល់ការលំបាកគ្រប់យ៉ាងជូនពួកគាត់៕