ឯកឧត្តមសាយ សំអាល់៖ បើគ្មានការចាប់ផ្តើមកាលពីឆ្នាំ១៩៩៣ទេ គ្មានក្រសួងបរិស្ថានពេលនេះដែរ


ក្រសួងបរិស្ថាននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំពិធីថ្លែងអំណរគុណទៅដល់មន្ត្រីរាជការក្រសួងបរិស្ថានដែលជាស្ថាបនិកបង្កើតក្រសួងដំបូងនៅឆ្នាំ១៩៩៣។ ពិធីនេះមាន ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ និងឯកឧត្តម ម៉ុក ម៉ារ៉េត តំណាងរាស្ត្រ និងជាអតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើជាអធិបតីដែលមានការចូលរួមពីមន្ត្រីជំនាន់មុន និងមន្ត្រីជំនាន់ក្រោយ។
ឯកឧត្តមរដ្ឋមន្ត្រីសាយ សំអាល់ បានថ្លែងអំណរគុណចំពោះវីរៈភាពរបស់មន្ត្រីកាលជំនាន់នោះដែលបានប្រឹងប្រែងត្រួសត្រាយបង្កើតក្រសួងពីបាតដៃទទេ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា បើគ្មានការចាប់ផ្តើមកាលពីពេលនោះទេ ក៏គ្មានក្រសួងបរិស្ថានពេញលេញយ៉ាងដូចនេះដែរ។

ក្នុងពិធីថ្លែងអំណរគុណនេះ មន្ត្រីជំនាន់ក្រោយ​ បានជូនបាច់ផ្កាដល់មន្ត្រីចាស់ដើម្បីជាការដឹងគុណ។ សូមបញ្ជាក់ថាមុនមានក្រសួងបរិស្ថានថ្មីពណ៌សសង់ឡើងក្នុងរចនាបទសហសម័យកំពូល៥នៅតាមបណ្តោយមាត់ទន្លេយ៉ាងដូចនេះ ក្រសួងបរិស្ថានពីមុនមានទីតាំងនៅខាងត្បូងសួនច្បារវិមានឯករាជ្យដែល កាលណោះ មានឈ្មោះថា រដ្ឋលេខាធិការដ្ឋានគ្រប់គ្រងបរិស្ថាន។

កាលណោះជាក្រសួងដែលធ្វើការងារលើបរិស្ថាននេះ មាននាយកដ្ឋានចំនួន៣ប៉ុណ្ណោះ ហើយមានមន្ត្រីដំបូងចូលបម្រើការងារតែ១០៩នាក់ ប៉ុន្តែពេលនេះ ក្រសួងបរិស្ថានបច្ចុប្បន្នបានក្លាយជាស្ថាប័នពេញលេញមួយមាន៥អគ្គនាយកដ្ឋាន និងនាយកដ្ឋានចំនួន៣៥ដែលសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកិច្ចគាំពារបរិស្ថានយ៉ាងមានប្រសិទ្ធភាពនិងការអភិវឌ្ឍដោយចីរភាពយ៉ាងមានប្រសិទ្ធផល៕