លោកជំទាវ សេង វណ្ណសាយ បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការងារជួសជុលបន្ទាន់សំណង់ទ្វារទឹកនៃប្រព័ន្ធស្រោចស្រពទំនប់អាងទឹកក្រពើ


ព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង ចុះពិនិត្យការងារជួសជុលបន្ទាន់សំណង់ទ្វារទឹកនៃប្រព័ន្ធស្រោចស្រពទំនប់អាងទឹកក្រពើ មានទីតាំងស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

គួររំលឹកផងដែរថា ក្រោយទទួលរងការខូចខាតជាបន្តបន្ទាប់ដោយសារទឹកជំនន់នាពេលកន្លងមក សំណង់ទ្វារទឹកនៃប្រព័ន្ធស្រោចស្រពទំនប់អាងទឹកក្រពើ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម បើកការដ្ឋានដំណើរការជួសជុលបន្ទាន់ឡើងវិញ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ ។ នៅពេលសំណង់ទ្វារទឹកនេះ ត្រូវបានជួសជុលរួច ប្រព័ន្ធស្រោចស្រពទំនប់អាងទឹកក្រពើ នឹងផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់ឱ្យការងារបង្កបង្កើនផលលើផ្ទៃដីស្រូវវស្សា ចំនួន ១.២០០ ហិកតា ស្រូវប្រាំង ចំនួន ៨១០ ហិកតា និងដំណាំរួមផ្សំមួយចំនួនទៀត នៅក្នុងសង្កាត់ជ្រាវ និងសង្កាត់សៀមរាប ក្រុងសៀមរាប ។