ឯកឧត្តម គឹម ទូច អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ធំ


អគាររដ្ឋបាលថ្មីរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ធំ ០១ខ្នង មានទទឹងប្រវែង ៩,៥០ បណ្តោយប្រវែង១៥ ម៉ែត្រ កំពស់ ២ជាន់ ស្មើនិង០៩បន្ទប់ ។ មានបន្ទប់ការិយាល័យចំនួន០៨ សាលប្រជុំ ចំនួន០១ បន្ទប់ទឹកចំនួន០៣ របងប្រវែង ៧០ម៉ែត្រ និងក្លោងទ្វារចំនួន០១ ប្រកបដោយរចនាបទខ្មែរ សមរម្យ ត្រូវប្រារព្វពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការ
នៅព្រឹកថ្ងៃ អង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
ត្រូវនិងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាល ខេត្តកំពង់ធំ ដោយមានការចូលរួម ពីថ្នាក់ ដឹកនាំ និងមន្ត្រីជំនាញក្រោមឱវាទក្រសួងឧស្សាហកម្ម និងសិប្បកម្មតំណាងអជ្ញាធរដែនដី មន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ កងកំលាំងប្រដាប់អាវុធ សិស្សនិស្សិត ប្រជាពលរដ្ឋនិងតាជី ដូនជីយ៉ាងច្រើនកុះករ ។
បន្ទាប់ពីលោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានឡើងធ្វើរបាយការណ៌ ស្វាគមន៍ ជាមួយនិងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចំពោះភាពរីក ចម្រើនរបស់មន្ទីរ និងការលេចជារូបរាង នៃអគាររដ្ឋបាលថ្មីនេះ ព្រមទាំង របាយការណ៌របស់ឯកឧត្តមអភិបាលខេត្ត សុខ លូ ស្តីពីស្ថានភាពទូទៅរបស់ខេត្តរួចមក ឯកឧត្តម រដ្ឋលេខាធិការ គឹម ទូច បានមាន ប្រសាសន៍ សំណេះសំណាល ដោយបានពាំនាំការ សួរសុខទុក្ខ និងថ្លែងការកោតសរសើរពីសំណាក់ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជូនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទមន្ទីរ ឧស្សាហកម្ម និងសិប្បកម្មទាំងអស់ សម្រេចបាននូវលទ្ធផលការងារ គួរជាទីមោទនៈ រយៈពេលកន្លងមក ជាពិសេស ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ និងប្រជាពលរដ្ឋរបស់យើងនៅខេត្តកំពង់ធំ ទាំងអស់ ដែលបានខិតខំរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ នាំមកនូវស្ថិរភាពសង្គម ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចលើគ្រប់វិស័យ ហើយដែលជានិច្ចជាកាល តែងបន្តគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ជារៀងរហូតមក។
ឯកឧត្តម រដ្ឋលេខាធិការ គឹម ទូចបានផ្តល់អនុសាសន៍ណែនាំមួយចំនួន ដោយបាន បញ្ជាក់ថា៖ ក្រៅពីភារកិច្ចស្នូលដែល បានចែងក្នុងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ មន្ទីរ ជាការចាំបាច់ណាស់ដែលមន្ទីរត្រូវធ្វើជាសេនាធិការជូនគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងក្រសួង លើការជំរុញការអភិវឌ្ឍន៍វិស័យឯកជន ជាពិសេស ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងរោងចក្រ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្តមសូមស្នើឱ្យមន្ទីរ និងអង្គភាពពាក់ព័ន្ធ យកចិត្តទុកដាក់ថែមទៀត ចំពោះអ្វីដែលស្ថិតក្នុងក្របខណ្ឌ នៃការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ អាជីវករក្នុងក្រុង ស្រុក ខេត្តរបស់យើង គឺត្រូវបន្ត បម្រើសេវាឱ្យបានល្អ ឆាប់រហ័ស និងមានតម្លាភាព។ បច្ចុប្បន្ន ក្រសួងបានបញ្ចប់ការធ្វើបញ្ជីវិភាគ មុខងារ និងកំពុងពិនិត្យពិចារណារៀបចំការផ្ទេរមុខងារ ឬការធ្វើប្រតិភូកម្មមុខងារ មួយចំនួនថែមទៀត ដល់មន្ទីរ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ តាមគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបទៅនឹង គោលនយោបាយនៃការផ្តល់សេវារដ្ឋបាលសាធារណៈ។
បច្ចុប្បន្ន ក្រសួងបានដាក់ឱ្យអនុវត្តរួចហើយនូវការចុះបញ្ជីសហគ្រាសធុនតូច មធ្យម សិប្បកម្ម រោងចក្រ តាមប្រព័ន្ធអនឡាញ (online)។ យើងនឹងជំរុញឱ្យមានការពន្យល់ណែនាំដល់បងប្អូន ម្ចាស់សហគ្រាសរបស់ យើងឱ្យយល់ពីសារប្រយោជន៍នៃបញ្ហានេះ និងចេះបំពេញបែបបទតាមនីតិវិធី ដើម្បីពួកគាត់អាចធ្វើការចុះបញ្ជីស្របច្បាប់បានជាអតិបរមា និងទទួលបានការការពារ ការគាំទ្រតាមផ្លូវច្បាប់។
ដោយឡែក វិស័យទឹកស្អាត ក៏ជាវិស័យអាទិភាពមួយរបស់ក្រសួង ដែលខេត្តត្រូវយកចិត្តទុកដាក់ ដោយសារវិស័យនេះ ពាក់ព័ន្ធផ្ទាល់ទៅនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្រសួងកំពុងពិនិត្យ ការកែលម្អគោលការណ៍ នីតិវិធីនៃការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតនេះ ដើម្បីធានាបានផល ប្រយោជន៍ទាំងសងខាង គឺទាំងសម្រាប់ប្រជាពលរដ្ឋ និងទាំងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាត (រដ្ឋ និងឯកជន)។ ជាគោលការណ៍ យើងចង់ឱ្យសេវាផ្គត់ផ្គង់ទឹកស្អាត ធានាបានលក្ខណៈសម្បត្តិ ៤យ៉ាង គឺ សុវត្ថិភាព គុណភាព និរន្តរភាព និង តម្លៃសមរម្យ។
ជាចុងក្រោយ ឯកឧត្តម រដ្ឋលេខធិការ បាន បន្ថែមថា៖ដើម្បីសម្រេចបានលទ្ធផលការងារ សូមមន្ត្រីរាជការរបស់យើងបន្តរក្សាចំណង សាមគ្គីភាព ឯកភាព គ្នាជាធ្លុងមួយ និងត្រូវគោរពឋានានុក្រមការងារ។ ត្រូវឧស្សាហ៍តាមដានស្វែងយល់អំពីការកំណត់ ជាគោលការណ៍ ឬលិខិតបទដ្ឋានគតិយុត្តថ្មីជាពិសេស តាមដានព័ត៌មានតាមរយៈបណ្តាញ ព័ត៌មានសង្គម Facebook របស់ប្រមុខរាជរដ្ឋា ភិបាល, ក៏ដូចជារបស់ក្រសួង ដើម្បីមាន វិធានការ ដោះស្រាយ ឆ្លើយតបបានទាន់ពេលវេលា។