ជើងយន្តហោះ ANA ជប៉ុនចាប់ផ្តើមនៅដើមខែកញ្ញា


ANA 26 05 16 2 copy

     កម្ពុជាត្រៀមនឹងចុះហត្ថលេខាមួយ ជាមួយនឹងជប៉ុន ដែលនឹងបើកផ្លូវឱ្យមានសេវាកម្មហោះហើរត្រង់ពីជប៉ុនមកកាន់ប្រទេសកម្ពុជា ។

     ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៥ ខែឧសភានេះ បានសេចក្តីប្រកាសមួយឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តីប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម យូជី គូម៉ាម៉ារូ នឹងផ្លាស់ប្តូរកំណត់ទូតស្តីពីកិច្ចព្រមពៀងនៃប្រទេសទាំង២ សម្រាប់សេវាកម្មផ្លូវអាកាស នៅវេលាម៉ោង ១០ព្រឹកថ្ងៃស្អែក នៅទីស្តីការក្រសួងការបរទេសកម្ពុជា ។ សេចក្តីជូនព័ត៌មានបញ្ជាក់ថា ការផ្លាស់ប្តូរកំណត់ការទូតនេះ បញ្ជាក់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀងខាងលើ ដែលបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ ២០១៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ។

     សេចក្តីរាយការណ៍មុននេះបានឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានជើងយន្តហោះថ្មី ពីប្រទេសជប៉ុន ដែលនឹងធ្វើការហោះហើរត្រង់ចុះឡើង រវាងភ្នំពេញ និងក្រុងតូក្យូ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ក្រុមហ៊ុនយន្តហោះ ANA All Nippon Airway របស់ជប៉ុននឹងចាប់ដំណើរការហោះហើរពីតូក្យូទៅកម្ពុជា… និងពីកម្ពុជាទៅតូក្យូវិញ ជារៀងរាល់ថ្ងៃតាមយន្តហោះប្រភេទប៊ូអ៊ីង B787-8 ដែលដំណើរការនោះ នឹងចាប់ផ្តើមហោះហើរពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៦ ទៅ ។