ស្ថានទូតបារាំងនិងអាល្លឺម៉ង់បង្ហាញវប្បធម៌ផ្សះផ្សារ


France Ger 27 05 16 2 copy

     ស្ថានទូតបារាំងនិងអាល្លឺម៉ង់ បានធ្វើពិធីវប្បធម៌រួមគ្នាមួយក្នុងរាជធានីភ្នំពេញដើម្បីបង្ហាញថាតើអតីតគូសត្រូវទាំង២ដែលធ្លាប់ស៊ីសាច់ហុតឈាមគ្នានេះ បានក្លាយជាមិត្តល្អនឹងគ្នាវិញដោយរបៀបណា? ពិធីវប្បធម៌នេះបាន ប្រព្រឹត្តទៅកាលពីល្ងាចម្សិលមិញនៅវិទ្យាស្ថានបារាំងដោយមានការចូលរួមដោយឯកឧត្តមទេសរដ្ឋមន្ត្រីវ៉ាគឹមហុងនៃក្រសួងការបរទេស។ ឯកអគ្គរដ្ឋទូតប្រទេសបារាំងនិងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាបានចូលរួមក្នុងឪកាសពិធីវប្បធម៌នោះផងដែរ ។

     យោងតាមសេចក្តីប្រកាសព័ត៌មានរួមនៃស្ថានទូតទាំង២ ការផ្សះផ្សារនិងរួបរួមគ្នារវាងប្រទេសអាល្លឺម៉ង់ និងបារាំង អាចជាបទពិសោធន៍មួយចំពោះកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ក៏ដូចជាសមាហរណកម្មក្នុងក្របខណ្ឌអាស៊ានទាំងមូល ។ ក្រុមអ្នកចូលរួមខ្លះបានថ្លែងថា ពិធីវប្បធម៌ដែលបង្ហាញការផ្សះផ្សាររវាងប្រទេសទាំង២ គឺជាឧទាហរណ៍ចំពោះកម្ពុជា និងវៀតណាម ដោយសារតែមានគណបក្សនយោបាយខ្លះនៅតែប្រកាន់ចរិតរើសអើងស្អប់វៀតណាម ។ សេចក្តីថ្លែងការណ៍បានបង្ហាញថា អាល្លឺម៉ង់ និងបារាំងបានផ្សះផ្សារគ្នាដោយប្រើពេលវេលាមិនដល់កន្លះសតវត្សទេ ដែលជាគន្លឺះចំពោះកម្ពុជាត្រូវសិក្សាស្វែងយល់ ។

     គួររំលឹកថាកម្ពុជា និងវៀតណាម ធ្លាប់មានអតីតកាលប្រវត្តិសាស្ត្រឈ្លោះប្រកែកគ្នាលើបញ្ហាទឹក ដីនិងជាតិសាសន៍ដែលអ្នកនយោបាយគណបក្សប្រឆាំងតែងប្រើប្រាស់រឿងអតីតកាលទាំងនោះដើម្បីបញ្ឆេះកំហឹងជាតិសាសន៍។កំហឹងបញ្ឆេះជាតិសាសន៍នោះហើយ បានធ្វើអោយកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល…ហើយនៅចុងឆ្នាំ១៩៩៨ សង្គ្រាមស៊ីវិលបានបញ្ចប់ដោយនយោបាយឈ្នះៗ ប៉ុន្តែការបញ្ឆេះអតីតកាលអោយស្អប់វៀតណាមនៅតែបន្តដោយក្រុមគណបក្សប្រឆាំង។

     យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតទាំង២ គឺកាលពីមួយសតវត្សមុន បារាំងនិងអាល្លឺម៉ង់គឺជាគូសត្រូវស្លាប់រស់នឹងគ្នា ប៉ុន្តែបច្ចុប្បន្នប្រទេសទាំង២ បានក្លាយទៅជាដៃគូសហការគ្នាដ៏សំខាន់នៅក្នុងសហភាពអឺរ៉ុប ។ ឯកអគ្គរដ្ឋទូតបារាំងលោកហ្សង់ក្លូដ ពាំបឺហ្វ បានថ្លែងថា គេគួរតែសិក្សាស្វែងយល់ពីគន្លឺះជោគជ័យនៃការផ្សះផ្សាររវាងប្រទេសទាំង២ នេះដែលអាចលុបបំបាត់បាននូវការគុំគួនផ្នែកនយោបាយ និងការពុំទុកចិត្តគ្នាក្នុងចំណោមមហាជន ។

     សេចក្តីប្រកាសព័ត៌មានបាននិយាយថា ស្ថានទូតបារាំង និងអាល្លឺម៉ង់រួមសហការនឹងវិទ្យាស្ថានបារាំងនៅកម្ពុជានិងមជ្ឈមណ្ឌលវប្បធម៌ Meta House នឹងរួមគ្នារៀបចំព្រឹត្តិការណ៍នេះរវាងពីថ្ងៃទី២៥ ដល់ ២៨ ខែឧសភាដែលនឹងបង្ហាញពីតួនាទីដ៏សំខាន់នៃវប្បធម៌ផ្សះផ្សារគ្នានេះ ។

France Ger 27 05 16 3 copy  France Ger 27 05 16 4 copy