សម្តេចតេជោតេជោ ហ៊ុន សែន អញ្ជើញជួបក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ


នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នសព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាជាមួយក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិដឹកនាំដោយ លោកស្រី Claire Van der Vaeren ។

លោកស្រី Claire Van der Vaeren បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តចូលរួមក្នុងបេសកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលទទួលបានជោគជ័យជាវិជ្ជមានក្នុងការអភិវឌ្ឍតាមគោលដៅសហ្សវត្សន៍ នោះគឺមានន័យថាកម្ពុជាបានបញ្ចប់នូវការអនុវត្តតាមគោលដៅអភិវឌ្ឍសហស្សវត្សន៍មុនពេលវេលា។ ជាងនេះទៅទៀត លោកស្រី ក៍បានវាយតម្លៃខ្ពស់ចំពោះកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលដែលបានធ្វើកន្លងមកដែលជាមូលដ្ឋានគ្រឹះដ៍សំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។

លោកស្រីក៏បានសំដែងនូវការគាំទ្រចំពោះកម្ពុជាក្នុងការជម្រុញការអភិវឌ្ឍនៅកម្ពុជា ក្នុងន័យនេះលោកស្រីក៍បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា អង្គការសហប្រជាជាតិ នឹងបន្តគាំទ្រកម្ពុជានិងពង្រឹងភាពជាដៃគូជាមួយកម្ពុជាបន្តទៀត។ លោកស្រីក៍បានរាយការណ៍ពីវឌ្ឍនភាពរបស់អង្គសហប្រជាជាតិក្នុងឆ្នាំ២០១៧ កន្លងមកក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស លើវិស័យបរិស្ថាន កសិកម្ម ក៍ដូចជាក្នុងវិស័យដោះមីនផងដែរ។ ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គមវិញ អង្គការសហប្រជាជាតិបានចូលរួមក្នុងវិស័យអប់រំ សុខាភិបាល ពិសេសបញ្ហាជម្ងឺគ្រុនចាញ់ និងការជម្ងឺអេដស៍។ លើសពីនេះទៅ ទៀតអង្គការសហប្រជាជាតិក៍បានចូលរួមក្នុងដំណើរការអភិបាលកិច្ចល្អ ដូចជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការចូលរួមកំណែទម្រង់ទាំងឡាយក្នុងរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែកជួយដល់ជនជាតិភាគតិចនៅតាមរយៈការផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។

លើសពីនេះទៅទៀតកិច្ចប្រជុំក៍បានផ្តោតការយកចិត្ត និងពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់មួយចំនួនដូចជា ការរៀបចំគោលដៅអភិវឌ្ឍដោយចីរភាព ដែលក្នុងនោះ ឯ.ឧ ឆាយ ថន រដ្ឋមន្ត្រីផែនការបានជម្រាបជូនអង្គប្រជុំទាំងមូល ថាឯកសារនេះបានឆ្លងកាត់ កិច្ចប្រជុំបួនដងរួចមកហើយ ហើយឯកសារនោះនឹងដាក់ឆ្លងទៅរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអនុម័តនៅត្រីមាសទី ១ឆ្នាំ ២០១៨នេះ។ អង្គប្រជុំក៍បានពិភាក្សាទៅលើបញ្ហាយុវជន ដូចជាការបណ្តុះបណ្តាល និងការងារ និងការគាំពារសង្គមផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិស្របតាមរបាយការណ៍វឌ្ឍភាពរបស់លោកស្រីដែលបាន រាយការណ៍ជូន សម្តេចតេជោ ពាក់ព័ន្ធទៅនឹងលទ្ធផលការងារដែលបានអនុវត្តន៍ នឹងសម្រេចបានក្នុងឆ្នាំ ២០១៧កន្លងទៅ។ សម្តេចតេជោ បានអរគុណ លោកស្រី Claire Van der Vaeren ដែលបានសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលលោកស្រីនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជានៅរយៈពេលមួយខែទៀតនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើតាមរយៈលោកស្រី Claire Van der Vaeren សួរសុខទុក្ខ និងជូនពរចំពោះលោកអគ្គលេខធិការ UN António Guterres នៅក្នុងឱកាសចូលឆ្នាំថ្មី ២០១៨ នេះផងដែរ៕