ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកសំឡូត ក្នុងខេត្តបាត់ដំបង


ព្រឹកថ្ងៃច័ន្ទ ០៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំងចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកសំឡូត នៅសាលប្រជុំសាលាស្រុកសំឡូត ។ ត្រូវបានប្រកាសតែងតាំងលោក ឡុត ប៊ុនធឿន ជាអភិបាលរង នៃគណៈអភិបាលស្រុកសំឡូត ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ។

លោក ឡុត ប៊ុនធឿន អតីតជានាយករដ្ឋបាលសាលាស្រុកសំឡូត ។ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ផ្តាំផ្ញើដល់ លោកអភិបាលរង នៃគណៈអភិបាលស្រុកដែលទើបប្រកាសតែងតាំងថ្មី សូមឲ្យមានកិច្ចសហការល្អជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ព្រមទាំងមន្រ្តីរាជការជុំវិញស្រុក ធ្វើយ៉ាងក្នុងការបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆាប់រហ័ស ។ ឯកឧត្តម ក៏បានបន្ថែមទៀតថាស្រុកសំឡូតនេះអតីតកាលជាតំបន់សមរភូមិក្តៅ តែបច្ចុប្បន្ននេះបានប្រែក្លាយជាតំបន់មានទីប្រជុំជន មានផ្លូវក្រាលកៅស៊ូ មានសាលារៀន មន្ទីរពេទ្យ វត្តអារាម ទឹក អគ្គិសនី និងមានដីដាំដុះ ប្រកបមុខរបរផ្សេងៗ សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។