អាកាសចរ ANA ជប៉ុនចាប់ហោះហើរដើមខែកញ្ញា


ANA 27 05 16 2 copy

     យន្តហោះនៃក្រុមហ៊ុនអាកាសចររបស់ជប៉ុន គ្រោងនឹងចាប់ផ្ដើមការហោះហើរត្រង់មករាជធានីភ្នំពេញចាប់ពីថ្ងៃទី១ កញ្ញា ២០១៦តទៅ ក្រោយការចុះហត្ថលេខាលើពិធីផ្លាស់ប្តូរកំណត់ទូតមួយនៅថ្ងៃនេះ ។ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានោះ ។

     ពិធីផ្លាស់ប្តូរកំណត់ទូតស្តីពីកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុនសម្រាប់សេវាកម្មផ្លូវអាកាសនេះ បានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការបរទេសនៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ ដែលភាគីកម្ពុជាតំណាងដោយរដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងភាគីជប៉ុនដឹកនាំតំណាងដោយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម យូជី គូមម៉ាម៉ារូ

     មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងថាកិច្ចព្រមព្រៀងនេះ នឹងបើកផ្លូវឲ្យប្រទេសទាំងពីរ ដំណើរការជើងហោះហើរត្រង់ និងសេវាកម្មដឹកជញ្ចូនផ្លូវអាកាស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ ។

     ជប៉ុនមានចំណងការទូតជាមួយកម្ពុជាតាំងពីឆ្នាំ ១៩៥៣ ប៉ុន្តែចំណងទំនាក់ទំនងបានកាត់ផ្តាច់ក្នុងអម្លុងកម្ពុជារងនឹងសង្គ្រាមស៊ីវិល ។ ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន បានចាប់ផ្ដើមសារជាថ្មីនៅឆ្នាំ ១៩៩៤ ។ កម្ពុជាក្នុងឆ្នាំ ២០១៥ កន្លងទៅទទួលបានភ្ញៀវទេសចរណ៍ជាង ៤លាន ៧សែននាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ជប៉ុនមានជាង ១៩ម៉ឺន ៣ពាន់នាក់ ផងដែរ។