សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម


នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម អូ ណាក់យ៉ុង (HE. Mr.Oh Nak-Young )ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា បេសកកម្មការទូតថ្មីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជា ស្របពេលដែលទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ មានការរីកចម្រើនគួរគត់សំគាល់ លើគ្រប់វិស័យទំាង វិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍ជាដើម។

សម្តេចសង្ឃឹមថា តាមរយៈ បេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមនឹងបន្តខិតខំលើកទឹកចិត្តរដ្ឋាភិបាលកូរ៉េ បន្តបង្កើនចំនួនកូតា ចំពោះពលករកម្ពុជា កាន់តែច្រើនថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបាននាំមកនូវឧត្តមប្រយោជន៍ សម្រាប់ ប្រជាជនទាំងសងខាង៕