គណៈរដ្ឋមន្ត្រីបង្កើតច្បាប់រារាំងការលក់សរីរាង្គ


Kidney 30 05 16 2 copy

     គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលរារាំងការលក់សរីរាង្គក្នុងរាងកាយរបស់មនុស្ស ។ នេះគឺជាលើកដំបូងហើយ ដែលកម្ពុជាមានសេចក្តីព្រាងច្បាប់នេះ គ្រាដែលសេចក្តីរាយការណ៍បានបង្ហាញពីមនុស្សមួយចំនួន បានរងការចាញ់បោកពីឈ្មួញទុច្ចរិត វះយកក្រលៀនលក់ និងសិរីរាង្គផ្សេងទៀតផងដែរ ។

     សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស បានអនុម័តនៅថ្ងៃទី២៧ ខែឧសភានេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

     កិច្ចប្រជុំបានឲ្យដឹងថា អតុល្យភាពរវាងតម្រូវការតម្រងនោម និងការបរិច្ចាគតម្រងនោម (ក្រលៀន) បានជម្រុញឲ្យមាននិន្នាការនៃការជួញដូរតម្រងនោម (ក្រលៀន) នៅក្នុងប្រទេស និងឆ្លងដែន ។ កិច្ចប្រជុំបានលើកឡើងថា ការជួញដូរសរីរាង្គ ត្រូវបានប្រទេសទាំងអស់ថ្កោលទោស… និងបានរៀបរៀងច្បាប់សម្រាប់ការគ្រប់គ្រងការបរិច្ចាគ និងការផ្សាំសរីរាង្គសម្រាប់ប្រទេសរបស់គេរៀងៗខ្លួន ។ សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងដោយក្រសួងសុខាភិបាល ក្នុងគោលបំណងលើកកំពស់គុណភាពប្រសិទ្ធភាព និងតម្លាភាពក្នុងការព្យាបាលសង្គ្រោះជីវិត និងបង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្សាំកោសិកា ជាលិកា ឬសរីរាង្គមនុស្ស និងធានាការពារទប់ស្កាត់ការជួញដូរកោសិកា ជាលិកា ឬសរីរាង្គមនុស្ស ។ សេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក និង៣៤មាត្រា មានគោលដៅកំណត់វិធានការ និងនិតិវិធីក្នុងការគ្រប់គ្រង ការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្សប្រកបដោយសុវត្ថិភាព និងស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ។

     គួរបញ្ជាក់ថា កាលពីថ្មីៗនេះ សមត្ថកិច្ចកម្ពុជាទើបតែបង្ក្រាបករណីដែលមានការជួញដូរក្រលៀនក្នុងមន្ទីរពេទ្យថៃ ដែលជនរងគ្រោះភាគច្រើនគឺជាពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃ ហើយត្រូវបានមេខ្យល់អូសទាញ ដើម្បីលក់ក្នុងក្រលៀនមួយចំហៀងតម្លៃ ៥ពាន់ដុល្លារអាមេរិក ៕