អបអរសាទរដល់មន្រ្តីរាជការ និងបុគ្គលិកក្រសួងកិច្ចការនារីដែលទទួលបានថ្នាក់ទារកដ្ឋានថ្មី


អបអរសាទរដល់មន្រ្តីរាជការ និងបុគ្គលិកក្រសួងកិច្ចការនារីដែលទទួលបានថ្នាក់ទារកដ្ឋានថ្មី ជាគំនិតផ្តួចផ្តើមរបស់លោកជំទាវរដ្ឋមន្រ្តី និងកិច្ចគាំទ្រពីថ្នាក់ដឹកនាំរបស់ក្រសួង។ ថ្នាក់ទារកដ្ឋាននេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្នុងគោលបំណង ជួយសម្រួលបន្ទុកការងារ កាត់បន្ថយការចំណាយ និងបង្កលក្ខណៈងាយស្រួលដល់មន្រ្តីរាជការ និងបុគ្គលិកក្រសួងកិច្ចការនារី ដែលភាគច្រើនជាស្រ្តី និងមានកូនតូច។ ម្យ៉ាងវិញទៀត ការវិនិយោគនេះ នឹងរួមចំណែកបង្កើនលទ្ធភាព និងប្រសិទ្ធភាពនៃការអនុវត្តការងារប្រចាំថ្ងៃ ដែលអាចឱ្យពួកគាត់មានឱកាសពេញលេញក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព។ ថ្នាក់ទារកដ្ឋាននេះ នឹងផ្តល់សេវាថែទាំប្រកបដោយទំនុកចិត្ត និងជាថ្នាលអំប់រំថ្នាក់ដំបូងដល់កុមារតូច អាស្រ័យដោយទទួលបានជំនួយផ្នែកបច្ចេកទេសពីក្រសួងអប់រំ និងអង្គការ Sipar Camboddge។ គំនិតផ្តួចផ្តើមក្នុងការបង្កើតទារកដ្ឋាននេះ ក៏នឹងក្លាយទៅជាគម្រូសម្រាប់ក្រសួង-ស្ថាប័នដ៏ទៃទៀតក្នុងការគិតគូរពិចារណាបង្កើតឱ្យមានថ្នាក់ទារកដ្ឋាន ដើម្បីជួយកាត់បន្ថយបន្ទុកការងារជាពិសេសស្រ្តីដែលមានកូនតូច កំពុងបម្រើការងារនៅតាមក្រសួង-ស្ថាប័ន អង្គការ និងវិស័យឯកជនដ៏ទៃទៀត។