ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ជាធម្មតា ចៅហ្វាយនាយតែងតែលើក សរសើរ កូនចៅ ប្ញអាយ៉ងរបស់ខ្លួនហើយ ដើម្បីលើកទឹកចិត្តឲ្យខិតខំ បន្តទៅទៀតតែប៉ុណ្ណោះ


ភ្នំពេញ៖ ឯកឧត្តម សុខ​ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា(CPP) បានលើកឡើងថា ជាធម្មតា ចៅហ្វាយនាយតែងតែលើក សរសើរ កូនចៅ ប្ញអាយ៉ងរបស់ខ្លួនហើយ ដើម្បីលើកទឹកចិត្តឲ្យខិតខំ បន្តទៅទៀតតែប៉ុ​ណ្ណោះ ដូច្នេះការដែល ព្រឹទ្ធសមាជិកអាមេរិម្នាក់ ពីរនាក់ផ្តល់ប័ណ្ណ សរសើរដល់កញ្ញា កឹមនោវិទ្យា មិនជារឿចម្លែកទេ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telagram) នៅថ្ងៃទី២០ កុម្ភៈនេះថា “ការដែល ព្រឹទ្ធសមាជិកអាមេរិម្នាក់ ពីរនាក់ផ្តល់ប័ណ្ណសរសើរដល់កញ្ញា កឹមនោវិទ្យា មិនជារឿចម្លែកទេ ។ ជាធម្មតា ចៅហ្វាយនាយតែងតែលើកសរសើរកូនចៅ ប្ញអាយ៉ងរបស់ខ្លួនហើយ ដើម្បីលើកទឹកចិត្តឲ្យខិតខំបន្តទៅទៀតតែប៉ុណ្ណោះ ។ កញ្ញា កឹម មនោវិទ្យា ជាសកម្មជនម្នាក់នៅក្នុងសកម្មភាព នៃបដិវត្តន៏ដែលឳពុករបស់នាង បានយកផែនការរបស់រដ្ឋាភិបាល សរអា មកអនុវត្តនៅកម្ពុជា ដោយយកគំរូតាមប្រទេស យូហ្គោស្លាវីនិងស៊ែប៊ី”។

ឯកឧត្តមបន្តថា ប្រជាជនកម្ពុជា មិនចាប់អារម្មណ៏នឹងចំណាត់ថ្នាក់ ដែលដាក់ពិន្ទុដោយរបស់ដែលហៅថា អង្គការអន្តរជាតិ ឬអង្គការសិទ្ធិមនុស្សអន្តរជាតិ មិនចង់បានលេខល្អ នោះទេ ។ បញ្ហាសំខាន់ឲ្យតែសភាពការណ៏ ជាក់ស្តែងនៅកម្ពុជា ធានាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អ ប្រជាជនរស់នៅប្រកប ដោយសុខដុមរមនា លទ្ធិប្រជាធិបតេយ្យរឹងមាំ និងដំណើរល្អ មាននិរន្តរភាពទៅ បានហើយ  ចង់ដាក់ពិន្ទុប៉ុន្មានមិនសំខាន់ទេ ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “ដូច្នេះមិនបាច់ឆ្ងល់ទេ ពីរឿងផ្តល់ប័ណ្ណសរសើរប្ញគ្រឿងឥស្សរីយយស ឲ្យកញ្ញានោះ ។ តែទោះខិតខំយ៉ាងណា ក៏មិនទទួលបានផលអ្វីដែរ ហើយផ្ទុយទៅវិញ កញ្ញាកាន់តែបន្តែមបន្ទុកពិរុទ្ធភាពកាន់តែច្រើន និងធ្ងន់ថែមទៀត ។ នៅទីបំផុត កឹម សុខា នៅតែជាកឹម សុខានៅជាប់ឃុំឃាំងដដែល អតីតៈបក្សប្រឆាំងនៅតែជាខ្មោចងាប់ រំលាយដោយតុលាការកំពូលដដែល មិនអាចរស់ឡើងវិញជាដាច់ខាត”។

អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា ម៉្យាងទៀតក្តីសង្ឃឹមថា នឹងបានចូលរួមបោះឆ្នោតនាខែកក្កដា ២០១៨នេះ នឹងគ្មានតែម្តង ទោះទាំងមេឧទ្ទាម ទាំងកូនឧទ្ទាម ខិតខំទៅឱបដៃ ឱបជើងចៅហ្វាយនាយគ្រប់ទីកន្លែង លើពិភពលោកយ៉ាងណាក៏ដោយ ។ ឯកឧត្តមថា  អតីតៈបក្សប្រឆាំងដែលងាប់ទៅហើយ មិនអាចមានអានុភាពណា ជួយប្រោះព្រំឲ្យបានរស់ឡើងវិញជាដាច់ខាត៕