ឯកឧត្តម សុខ ឥសាន បកស្រាយសំណួរ ទាក់ទិន នឹងឯកឧត្តមកឹម សុខា


សំណួរ៖ ការព្រមានធ្វើមហាបាតុកម្មអហិង្សារបស់គណបក្សសង្គ្រោះជាតិ បើសិនជាមានការចាប់ខ្លួនលោកកឹម សុខា នោះ?
ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា ចំពោះករណីនេះ ៖
១. ករណីលោកកឹម សុខា គឺវាពាក់ព័ន្ធយុត្ថាធិការរបស់តុលាការ ហើយក្នុងនាមជាសាក្សី តុលាការបានកោះអញ្ជើញពីរលើក ហើយគាត់មិនបានចូលខ្លួនទៅឆ្លើយ ហើយវាពាក់ព័ន្ធនឹងមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ហើយក្នុងករណីអញ្ជើញពីរដងមិនចូលជាការប្រឆាំងនិងតុលាការ ដែលចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ហើយលោកយល់ថា តុលាការគេនឹងបន្តនីតិវិធីជាបន្តទៅទៀត ចំពោះករណីលោកកឹម សុខា។
. បញ្ហាគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សសង្គ្រោះជាតិ បានប្រជុំសម្រេចថា ធ្វើបាតុកម្មឬមហាបាតុកម្ម វាជាសិទ្ធិនយោបាយរបស់គាត់ ក៏ប៉ុន្តែការធ្វើបាតុកម្ម ឬមហាបាតុកម្មផ្សេងៗ លោកយល់ថា គណបក្សសង្គ្រោះជាតិ មានពិសោធន៍ហើយ ក្រោយការបោះឆ្នោតឆ្នោតឆ្នាំ២០១៣ គាត់មានពិសោធន៍ជ្រៅជ្រះហើយ អីចឹងទេ គឺថា ត្រូវតែគោរពឲ្យបានតាមគោលការណ៍ នៃច្បាប់ស្តីពីបាតុកម្ម។ ហើយបើសិនណាជាមិនគោរពទៅតាមគោលការណ៍នឹងទេក៏គាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។
សំណួរ៖ តើឯកឧត្តម យល់យ៉ាងណា ចំពោះការព្រមានរបស់សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យកម្មករត្រៀមប្រើសិទ្ធិធ្វើកូដកម្មបើសិនណាជាមាន ការចាប់ខ្លួនលោកកឹម សុខា ?
ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា រដ្ឋាភិបាលមិនចាប់អារម្មណ៍ពីការដាក់សំពាធ ឬមិនដាក់សំពាធទេ ពីព្រោះរដ្ឋាភិបាល គឺជារដ្ឋាភិបាលស្របច្បាប់ ធ្វើការទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការទទួលខុសត្រូវចំពោះម្ចាស់ឆ្នោតនៅទូទាំងប្រទេស។ ចំពោះលោកជា មុនី ដែលបានប្រកាសនេះ គឺយើងដឹងហើយថា និន្នាការសហជីពរបស់គាត់លំអៀងទៅរកគណបក្សប្រឆាំងហើយ។ ក៏ប៉ុន្តែក្នុងករណីដែលគាត់ប្រកាសក្នុងនាមជាសហជីពចូលរួមតវ៉ា ក្នុងករណីលោកកឹម សុខា វាមិនត្រឹមត្រូវទេ។ ពីព្រោះករណីលោកកឹម សុខា មិនមានពាក់ព័ន្ធអ្វីដល់ការងារសហជីព និងការងារកម្មករ និយោជិតទេ។ ហើយជាបញ្ហាមួយ យើងត្រូវឲ្យគាត់ពិចារណាឡើងវិញ ព្រោះគាត់ប្រកាសយកសហជីពមកគាំទ្រគណបក្សប្រឆាំង វាខុសអំពីកម្មវត្ថុហើយ។ ពីព្រោះលោកកឹម សុខា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នៅទង្វើប្រព្រឹត្តខុសឆ្គង របស់គាត់ដូច្នេះមានពាក់ព័ន្ធអីជាមួយកម្មករនិយោជិត។
សំណួរ៖ ទាក់ទងស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា តើអាចធ្វើអោយខកខាន ដំណើរការបោះឆ្នោតឃុំ សង្កាត់ ដែររីទេ?
ឯកឧត្តម សុខ ឥសាន  បានអះអាងថា រឿងអ្នកប្រព្រឹត្តខុសម្នាក់ ពីរនាក់ គឺមិនអាចធ្វើឲ្យធ្វើឲ្យដំណើរការបោះឆ្នោតរាំងស្ទះបានទេ នៅឆ្នាំទៀតឯណោះ ហើយការបោះឆ្នោតឃុំ សង្កាត់ នៅមួយឆ្នាំទៀត និងការបោះឆ្នោតសភា នៅពីរឆ្នាំទៀត ដូច្នេះមិនអាចធ្វើឲ្យបុគ្គលម្នាក់ ពីរនាក់ ធ្វើឲ្យរាំងស្ទះដល់ដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានទេ៕