ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជា មួយលោកNick Beresford នាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា


នៅថ្ងៃសុក្រ ៩កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជា មួយលោកNick Beresford នាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា(អង្គការUNDP)។

គោលបំណងនៃជំនួបនេះគឺដើម្បីពិភាក្សាអំពីវិសាលភាពនៃភាពជាដៃគូប្រកបដោយសក្កានុពល រវាង អង្គការUNDP និងក្រសួងក្នុងការលើកកម្ពស់ការដឹកជញ្ជូនតាមទីក្រុងប្រកបដោយនិរន្តរភាពក៏ដូចជា លើកកម្ពស់គំនិតផ្តួចផ្តើមគោលនយោបាយបច្ចុប្បន្ន និងការផ្តល់អន្តរាគមន៍របស់អង្គការUNDPជួយដល់ កម្ពុជានៅក្នុងបរិបទអន្តរកាលឆ្ពោះទៅរកប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។

លោក Beresford បានសម្តែងនូវការកោតសរសើររបស់ខ្លួនចំពោះការដាក់ឱ្យដំណើររថយន្តតាក់ស៊ីដឹកជញ្ជូនអ្នកដំណើរ របស់ក្រុមហ៊ុនGRAB នៅកម្ពុជាកាលពីខែធ្នូឆ្នាំកន្លង ក៏ដូចជាកម្មវិធីធ្វើដំណើរចែករំលែកផ្សេងទៀត ដូចជា៖ កម្មវិធីUber និងកម្មវិធីPassapp។

អង្គការUNDPកំពុងសហការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនតាក់ស៊ីGRAB ដើម្បីលើកកម្ពស់វិធានការ ដឹកជញ្ជូនក្នុងទីក្រុង បច្ចេកវិជ្ជា និងប្រព័ន្ធដឹកជញ្ជូននៅតាមទីក្រុងដែលមាននិរន្តរភាពនៅកម្ពុជា ក្នុង គោលដៅកាត់បន្ថយចំណាយលើការធ្វើចរាចរណ៍ក្នុងទីក្រុង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគំនិតផ្តួចផ្តើមផ្សេងៗរបស់ក្រសួងពាក់ព័ន្ធនឹងការពង្រីកផ្លូវថ្នល់ ការស្តារផ្លូវដែក និងផ្លូវទឹកឡើងវិញដែលជួយកាត់បន្ថយដល់ការកក ស្ទះចរាចរណ៍ និងចំណាយលើការដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានស្នើសុំផងដែរឱ្យអង្គការUNDPពិនិត្យលទ្ធភាពក្នុងការចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលក្នុងយុទ្ធនាការបិតចំណាំងផ្លាតសុវត្ថិភាព និងពាក់មួកសុវត្ថិភាព។