ឯកឧត្តមវេង សាខុន និង ឯកឧត្តមអ៊ឹង គីមលៀង បានអញ្ជើញចុះទៅពិនិត្យចម្ការបង្ហាញនិងពិពណ៌ផលិតផលរបស់ក្រុមហ៊ុនម៉ាលីសាន គ្រុប


នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមអ៊ឹង គីមលៀង អភិបាលរងខេត្តពោធិ៍សាត់ និងសហការីរបស់ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចុះទៅពិនិត្យចម្ការបង្ហាញនិងពិពណ៌ផលិតផលរបស់ក្រុមហ៊ុនម៉ាលីសាន គ្រុប នៅភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្រុមហ៊ុនម៉ាលីសាន គ្រុប គឺជាក្រុមហ៊ុនក្នុងស្រុកដែលបានទទួលគោលការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើអាជីវកម្មសម្ភារៈកសិកម្មដូចជាជីគីមី ជីធម្មជាតិ គ្រាប់ពូជបន្លែ ផ្លែឈើ និងសម្ភារៈកសិកម្មផ្សេងៗទៀត។ លោកអគ្គនាយកក្រុមហ៊ុន បែន គឹមសាន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលបំណងនៃទិវាចម្ការបង្ហាញ នាថ្ងៃនេះគឺចង់បង្ហាញជូនកសិករនៅទូទាំងប្រទេសជារួម និងដោយឡែកកសិករនៅស្រុកភ្នំ ក្រវាញឲ្យឃើញពីអត្ថប្រយោជន៍និងសារៈសំខាន់នៃការអនុវត្តបច្ចេកវិទ្យាទំនើបៗដូចជាការប្រើ ប្រាស់ជី ប្រើប្រាស់ថ្នាំ ការប្រើពូជ បច្ចេកទេសដាំដុះបន្លែ ឈើហូបផ្លែផ្កា និងការប្រើឧបករណ៍កសិកម្មផ្សេងៗមួយចំនួនទៀត ដើម្បីឲ្យអ្នកផលិតធ្វើការសិក្សាស្វែងយល់និងផ្លាស់ប្តូរបទពិសោធន៍ ពីទិវានេះ សំដៅបង្កើនសមត្ថភាពទាំងផ្នែកបច្ចេកទេសផលិតនិងការគ្រប់គ្រង។ បើអ្នកផលិតធ្វើបាននោះផលិតផលរបស់ពួកគាត់អាចឈានទៅធ្វើការប្រកួតប្រជែងជាមួយប្រទេសជិតខាង នាពេលអនាគត។ អ្វីដែលជាក់ស្តែងនោះគឺ ដោយសារមានការគាំទ្រនិងលើកទឹកចិត្តពីអគ្គនាយកដ្ឋានកសិកម្ម និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តី បច្ចុប្បន្នកសិករដែលជាដៃគូរជាមួយក្រុមហ៊ុនអាចផលិតគ្រាប់ពូជបន្លែមួយចំនួនសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានមួយចំនួនដោយមិនចាំបាច់នាំចូលទៀតឡើយ។ នេះគឺជា ចំណុចចាប់ផ្តើមវិជ្ជមានមួយដែលសមស្របតាមគោលនយោបាយរបស់ក្រសួងគឺត្រូវកាត់បន្ថយថ្លៃដើមផលិត ទើបផលិតផលនោះអាចធ្វើការ ប្រកួតប្រជែងលើទីផ្សារក្នុងតំបន់បាន។

ស្ថិតក្នុងបរិយាកាសដ៏សែនមនោរម្យនៃទឹកដីស្រុកភ្នំក្រវាញ ក្នុងចំការបន្លែបៃតងខ្ចី និងនៅចំពោះមុខ ប្រជាកសិករជាង ៥០០ នាក់ ឯកឧត្តមរដ្ឋមន្រ្តីបាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោសែននិងសម្តេចគតិព្រឹត្តបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ពីសេចក្តីសុខទុក្ខ បញ្ហាជីវភាពរបស់បងប្អូនគ្រប់ៗគ្នានិងសូមជូនពរឲ្យបងប្អូនជួបតែពុទ្ធិពរទាំង៤ប្រការ។ បន្ទាប់ពីបានអញ្ជើញដើរទស្សនាចម្ការបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដែលបានបង្កើតចម្ការបង្ហាញ សម្រាប់ធ្វើការផ្សព្វផ្សាយពូជដំណាំ ពូជផ្កា ឈើហូបផ្លែ និងការប្រើបច្ចេកវិទ្យាថ្មីៗដែលកសិករអាចទទួលយកទៅអនុវត្តផ្ទាល់ដើម្បីបង្កើនទិន្នផលទាំងបរិមាណនិងគុណភាពសមស្របតាមតម្រូវការទីផ្សារ។ កើតក្នុងគ្រួសារកសិករក្រីក្រ ឯកឧត្តមធ្លាប់បានធ្វើកសិកម្មតាមលក្ខណៈប្រថុយប្រថាន ប្រឈមនិងហានីភ័យខ្ពស់ គ្មានផែនការដាំដុះ គ្មានបច្ចេកទេស ទីផ្សារច្បាស់លាស់ និងគ្មានជំនាញ ផ្ទុយពីកសិករសម័យតេជោសែន ដែលការធ្វើកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ មន្រ្តីជំនាញមានសមត្ថភាព ជាក់ស្តែងដែលក្រុមហ៊ុនបានអនុវត្តក្នុងចម្ការបង្ហាញ នាថ្ងៃនេះគឺបានប្រើប្រាស់ពូជ បច្ចេកទេស និងធនធានមនុស្សដែលជានិស្សិតទើបបញ្ចប់ការ សិក្សាមានទាំងចំណេះដឹងបទពិសោធន៍សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការប្រើប្រាស់ធនធានក្នុងស្រុកឲ្យអស់លទ្ធភាព ពិសេសយុវជនជំនាន់ក្រោយ។ថ្នាក់ដឹកនាំមន្រ្តីជំនាញត្រូវធ្វើការផ្សព្វផ្សាយ គិតគូពីបញ្ហារកទីផ្សារ តម្រូវការទីផ្សារជូនកសិករ តាមរយៈបង្កើតប្រព័ន្ធព័ត៌មានទីផ្សារកសិកម្ម។ ទន្ទឹមនឹងនេះក៏ត្រូវធ្វើការសិក្សា ស្រាវជ្រាវអំពី ស្ថានភាពដី គុណភាពដី ដើម្បីផលិតផលិតផលត្រូវតាមស្តង់ដារទីផ្សារ។ ដើម្បីរក្សាបាននូវតម្លៃផលិតផលនិងបង្កើនការជឿទុកចិត្តដល់អ្នក បរិភោគ អគ្គនាយកដ្ឋានកសិកម្មត្រូវរៀបចំ វិញ្ញាបនបត្របញ្ជាក់ពីផលិតផលសុវត្ថិភាព និងសរីរាង្គសមស្របតាមនិន្នាការការទីផ្សារ។