រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតអោយ ឯកឧត្តម Lau Kong Wah អគ្គលេខាធិការនៃតំបន់រដ្ឋបាលក្រុងហុងកុង ចូលជួបសម្តែងការគួរសម


នាព្រឹកថ្ងៃ១២កើត ខែផល្គុន ឆ្នាំរកា ត្រូវនិងថ្ងៃទី​២៦​ ខែកុម្ភៈ ឆ្នាំ២០១៨​ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ភឿង​ សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ បានអនុញ្ញាតអោយ ឯកឧត្តម​ Lau Kong Wah អគ្គលេខាធិការ​នៃតំបន់រដ្ឋបាលក្រុងហុងកុង​(​មានឋានៈស្មើរដ្ឋមន្រ្តី​)​ ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ​។ នាក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានលើកឡើងអំពីសក្តានុពលវប្បធម៌របស់កម្ពុជា និងក្រុងហុងកុង​ លើចំណុចទាក់ទាញទេសចរណ៍នានា។ ស្ថិតលើចំណុចវិជ្ជមាននេះ​ ភាគីទាំងពីរយល់ថា គួរមានកម្មវិធីផ្លាស់ប្តូរវប្បធម៌មួយដ៏ទៀងទាត់​ តាមរយៈការរៀបចំអោយមានអនុស្សារណៈនៃការយោគយល់គ្នា(MOU) លើការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក​ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ​ ។