លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារវេទិកាថ្នាក់ជាតិ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្វាយរៀង


ព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ច​ប្រជុំបូកសរុប សកម្មភាពការងារវេទិកាថ្នាក់ជាតិ​ ​របស់​ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បី ត្រួតពិនិត្យ​ និងគាំទ្រការអនុវត្ត​កម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសណ្ឋាគារ វ៉ៃគោ ខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានមាន​ប្រសា​ស​ន៍ថា ក្នង​នាម​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងនាម​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​តាមដាន​ការអនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ប្រចាំខេត្ត​ស្វាយរៀង​និង​ក្នុងនាម​ខ្លួន​ខ្ញុំ​ផ្ទាល់​សូម​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដោយបាន​ជួប​ជាមួយ​លោក លោកស្រី​ក្រុមការងារ​ថ្នាក់ជាតិ​ព្រមទាំង​សមាជិក​សមាជិការ​អង្គប្រជុំ​ទាំងអស់​ដែល​បាន​ឆ្លៀតឱកាស​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សា​ធារ​ណៈនា​ពេលនេះ​។ លោកជំទាវក៏បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អស់លោក លោកស្រី​ដែល​បាន​ចុះ​ផ្ទាល់​តាម​មូលដ្ឋាន​និង​បាន​យក​អស់ពី​ស្មា​តី​កម្លាំងកាយ​ចិត្ត​ធនធាន​ថវិកា​សម្ភារ​ជួយ​គាំទ្រ​យ៉ាងសកម្ម​គ្រប់​សកម្មភាព​តាម​បណ្ដា​មូលដ្ឋាន​នានា​ទូទាំង​ខេត្ត​រួមចំណែក​ឲ្យ​ខេត្តស្វាយរៀង​ទទួលបាន​ជោគជ័យ​រាល់​ភារកិច្ច​ជា​បន្តបន្ទាប់​ពិសេស​ការធានា​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សា​ធា​រណៈបង្ក​លក្ខ​ណៈ​ក្នុងការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​គ្រប់​មូលដ្ឋាន​សំដៅ​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​ជូន​ប្រជាពលរដ្ឋ​។

លោកជំទាវ ក៏បានមានប្រសាសន៍​សង្កត់ធ្ងន់​ថា ដើម្បី​ពង្រឹង​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​និង​សម្រេច​ឲ្យ​បាន​ជោគជ័យ​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​បំពេញ​កិច្ច​ការសំខាន់ៗ​មួយចំនួន​ដូចតទៅ ៖ ១. ត្រូវខិតខំ ដោះស្រាយបញ្ហាដែលនៅ សេសសល់ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ២. ត្រូវ​មានកិរិយាមាយាទសុភាពរាបសារ ទន់ភ្លន់ ដោះស្រាយដោយ សាមគ្គីភាព ៣. ត្រូវបន្តជម្រុញឲ្យជោគជ័យកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ ធ្វើ​កំណែទម្រង់ស៊ីជម្រៅ កាត់​បន្ថយភាព អសកម្ម របស់មន្ត្រី​ដឹកនាំទាំងស្ថាប័ន​បក្ស និងស្ថាប័នរដ្ឋ ដោយបន្តការ​អនុវត្តតាម ទិសស្លោក “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ៤. ត្រូវ​តាមដាន ស្តាប់រាល់ប្រសាសន៍ និងសុន្ទរកថារបស់​សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើជា ទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺ​ដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្ម​រហ័ស​​​វាយបកភ្លាម​ៗ​ រាល់​ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង។ ៥. បន្តផ្សព្វផ្សាយ​អំពីសមិទ្ធិផល និងស្នាដៃរបស់​រាជរដ្ឋា​ភិបាលសម្រេចបាននាពេល កន្លងមក ទាំងក្នុងវិស័យនយោបាយ វិស័យការទូត ការរីកចំរើន​​​ខាងសេដ្ឋកិច្ច ការកំណែ​​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ និងបន្តជម្រុញក្នុងការអនុវត្ត នូវក្របខណ្ឌគោលនយោបាយគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាព សុខមាលភាព​និងកាត់បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ និង ៦.ត្រូវ​ជួបប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាជននៅមូលដ្ឋាន ដោយ​ក្តាប់​​ឲ្យបាន ច្បាស់លាស់រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និង​រិះរកគ្រប់ មធ្យោបាយ​ជួយសម្រួល និង ដោះស្រាយឲ្យបានទាន់ពេល​វេលាប្រកប​​ដោយប្រសិទ្ធភាព ​ដើម្បីផ្តល់​​ភាពកក់ក្តៅ និងការជឿរ​ជាក់លើរាជរដ្ឋាភិបាល៕