ឯកឧត្តម ប៊ុន ហ៊ាន បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យបញ្ចប់សុពលភាពទំនប់អាងទឹកតាសាល


នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនសាងសង់ ចុះពិនិត្យបញ្ចប់សុពលភាពទំនប់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សូមជម្រាបជូនថា អាងទឹកតាសាល ត្រូវបានសាងសង់ឡើងដើម្បីកាត់បន្ថយជំនន់ស្ទឹងព្រែកត្នោតផង ព្រមទាំងផ្តល់ទឹកសម្រាប់ការស្រោចស្រព និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផង ។ អាងទឹកនេះ មានលទ្ធភាពស្តុកទឹកបានប្រមាណ ១៥០ លានម៉ែត្រគូប អាចស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ២៥.០០០ ហិកតា និងស្រូវប្រាំង ១០.០០០ ហិកតា ។