ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការធ្វើសកម្មភាព នយោបាយបែបតិរច្ឆាន កាន់តែសម្តែងឲ្យឃើញថា ពួកប្រឆាំងអស់ផ្លូវហើយ


ភ្នំពេញ ៖ ក្រោយពីលោក ហុងលីម តំណាងរាស្រ្ត អូស្រ្តាលី ចោទប្រកាន់ សមាគម ប្រជាពលរដ្ឋខ្មែរ នៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ដែលបង្កើតដោយស្ថាន ទូតខ្មែរ នៅអូស្ត្រាលី ថាខុសច្បាប់នោះឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ បានលើកឡើងថា ការធ្វើសកម្មភាព នយោបាយបែបតិរច្ឆាន កាន់តែសម្តែងឲ្យឃើញថា ពួកប្រឆាំងអស់ផ្លូវហើយ។

ឯកឧត្តម សុខ ឥសាន បានលើកឡើង តាមរយៈបណ្ដាញ ទំនាក់ទំនងតេលេក្រាមថា “ជាការគួរ ឲ្យអស់សំណើចណាស់ ដែលមានជនខ្លះអួតខ្លួនឯងថា ជាអ្នកប្រជាធិបតេយ្យ ។ ប៉ុន្តែបើ ពិនិត្យលើសកម្មភាពជាក់ស្តែង ឃើញថាពួកដែលអួតខ្លួនថា ជាអ្នកប្រជាធិបតេយ្យនោះ ធ្វើនយោបាយ ដោយយកគំនិតឈ្នានីស គំនិតគុំគួន សងសឹកគំនិតផ្ចាញ់ផ្ចាល ទៅតាមធាតុ បុគ្គលគ្មានផ្អែក លើគោលការណ៏ប្រជាធិបតេយ្យ អ្វីទាំងអស់ “។

ឯកឧត្តម បានលើកឡើងបន្តថា ” អ្នកនយោបាយអគតិបែបនេះ មិនមែនជាអ្នកប្រជាធិបតេយ្យ ស្អីទេ វាគ្រាន់តែជាអ្នកប្រជាធិបតេយ្យ ក្លែងក្លាយប៉ុណ្ណោះ ដែលអាចដាក់ឈ្មោះថា ជាអ្នក ប្រជាធិបតេយ្យតិរច្ឆាន ដូចយ៉ាងតំណាងរាស្ត្រតិរច្ឆានម្នាក់នៅរដ្ឋវិចតូរីយ៉ា ប្រទេសអូស្ត្រាលី ជាភ័ស្តុតាងស្រាប់ ។ម៉្យាងទៀត វាជាការហួសចិត្តណាស់ ដែលសមាគមខ្មែរ  ដែលរួមបង្កើត ដោយស្ថានទូតខ្មែរនៅអូស្ត្រាលី បែរជាពួកតិរច្ឆាននិយាយថា ជាសមាគម ខុសច្បាប់ទៅវិញ ។ ឱ ពួកតិរច្ឆានហ្អើយ បើមិននិយាយ គេមិនដឹងថា អស់លោកអ្នកជាតិរច្ឆានទេ “។

សូមរំលឹកថា សមាគមប្រជាពលរដ្ឋខ្មែរ នៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ កាលពីថ្ងៃទី២៣ កុម្ភៈបានចេញសេចក្ដីថ្លែងការណ៍មួយសម្ដែងការស្វាគមន៍និងគាំទ្រ យ៉ាងក្លៀវក្លា ចំពោះ វត្តមាន សម្តេចតេជោនៅទឹកដី ប្រទេសអូស្ត្រាលី ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី  នាថ្ងៃទី១៧-១៨ខែមីនាខាងមុខនេះនិងប្រកាសប្រឆាំង ដាច់ខាតនូវការប៉ុនប៉ង រៀបចំ សកម្មភាពណាមួយ ប្រឆាំងនឹងវត្តមានសម្ដេចតេជោ៕