ឯកឧត្តម សុខ ឥសាន បានឆ្លើយតបវិញថា រាល់មហិច្ឆតានោះ មិនអាចជាដាច់ខាត


ភ្នំពេញ៖ កន្លងទៅ មានមជ្ឈដ្ឋានប្រឆាំងក្នុងស្រុក និងឯបរទេសមួយចំនួន ចង់ឲ្យមានការដោះលែង លោក កឹម សុខា និងចង់ឲ្យអតីតបក្សប្រឆាំង បានរស់ឡើងវិញ ដើម្បីបានចូលរួម ការបោះឆ្នោតជាតិ នាថ្ងៃទី២៩ ខែកក្កដា ខាងមុខ ប៉ុន្តែឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានឆ្លើយតបវិញថា រាល់មហិច្ឆតានោះ មិនអាចជាដាច់ខាត ។

ឯកឧត្តម សុខ ឥសាន បានចោទឆ្លើយតាមរយៈ បណ្ដាញសង្គម តេលេក្រាម នៅថ្ងៃទី៤មីនានេះថា តើការចង់បានដូចខាងលើនេះ មានលក្ខណៈយ៉ាងណា? លោក កឹម សុខា បានបង្ហាញដោយខ្លួនឯងថា បានអនុវត្តផែនការណែនាំ ដោយរដ្ឋាភិបាលអាមេរិក ឲ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគម្រូ តាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។

សកម្មភាពរបស់ កឹម សុខា ត្រូវប្រើនឹងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាបទល្មើសសន្និដ្ឋិភាព ជាមួយបរទេស បង្កើតអំពើប្រទូសរ៉ាយ ដល់ប្រទេសជាតិ គឺជាទោសក្បត់ជាតិ ត្រូវជាប់ពន្ធនាគារពី១៥ ឆ្នាំ ដល់ ៣០ ឆ្នាំ ។ បើជាទោសក្បត់ជាតិ យ៉ាងដូច្នេះ តើ កឹម សុខា អាចត្រូវដោះលែងដែរឬទេ? ប្រាកដជាមិនអាចទេ ។ បច្ចុប្បន្ន សំណុំរឿង របស់ កឹម សុខា កំពុងស្ថិតនៅក្នុងដំណើរការ នីតិវិធីរបស់តុលាការ ។

ឯកឧត្តម សុខ ឥសាន បានលើកឡើងបន្ថែមថា បញ្ហា អតីតបក្សប្រឆាំង គឺត្រូវបានតុលាការកំពូល កាត់សេចក្តី រំលាយចោល តាមសាលដីការស្ថាពរ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ រួចហើយ ។ សាលដីការបស់តុលាការកំពូល ជាសាលដីកាបិទផ្លូវតវ៉ា ។ ដូច្នេះ អតីតបក្សប្រឆាំង បានស្លាប់បាត់ទៅហើយ មិនអាចរស់ឡើងវិញឡើយ ។

អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានលើកឡើងបន្តថា បណ្តាអតីតមន្ត្រីជាន់ខ្ពស់ចំនួន ១១៨នាក់ នៅក្នុងក្បាលម៉ាស៊ីនដឹកនាំ អតីតបក្សប្រឆាំង ក៏ត្រូវបានតុលាការកំពូល ចេញសាលដីកាផ្អាកធ្វើសកម្មភាព នយោបាយរយៈពេល៥ឆ្នាំ ដែរមិនអាចមាននីតិសម្បទា ឡើងវិញមុនរយៈពេលកំណត់ ដោយតុលាការ ជាដាច់ខាត ។

ឯកឧត្តមបានបញ្ជាក់ថា អតីតមេបក្សប្រឆាំង និងជាទណ្ឌិតរត់គេចខ្លួន នៅក្រៅប្រទេស និងកំពុងប្រឈមមុខ នឹងការតាមចាប់ខ្លួន យកមកអនុវត្តទោស កំពុងធ្វើសកម្មភាព ឧទ្ទាមនិយម ក្រៅច្បាប់ ដែលកាន់តែបន្ថែមពិរុទ្ធភាព បទល្មើសមានស្ថានទម្ងន់ទោស កាន់តែធ្ងន់ថែមទៀត មិនអាចអត់ឱនឲ្យបានជាដាច់ខាត ចំពោះសកម្មភាពបំផ្លាញជាតិនេះ ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់បន្ថែមថា” ករណីទាំងបួនខាងលើ គឺជាករណីផ្លូវច្បាប់ របស់អតីតមេដឹកនាំ និងក្រុមមេដឹកនាំ នៃអតីតបក្សប្រឆាំង មិនមែនជារឿងនយោបាយ ដូចពួកអគតិមួយចំនួន និយាយនោះទេ ដែលត្រូវតែប្រឈម ចំពោះមុខច្បាប់ មិនអាចយកវប្បធម៌នីទណ្ឌភាព មកដោះស្រាយបានឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកាន់ខ្ជាប់គោលការណ៍ លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ ស្របតាមស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា ។ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុងដើរលើផ្លូវត្រូវ ក្នុងការការពារសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខជូនប្រជាជនកម្ពុជា​ ទូទាំងប្រទេស មិនអាចអនុញ្ញាត ឲ្យមានការបំផ្លិចបំផ្លាញ បានឡើយ”៕