ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ទណ្ឌិត សម រង្សី បានដាក់ចេញនូវគោលនយោបាយ ចាត់ទុក សម្តេចតេជោហ៊ុន សែន ជាខ្មាំងសត្រូវស៊ីសាច់ហុតឈាម


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជា បានលើកឡើងថា ទណ្ឌិត សម រង្សី បានដាក់ចេញនូវគោលនយោបាយ ចាត់ទុក សម្តេចតេជោហ៊ុន សែន ជាខ្មាំងសត្រូវស៊ីសាច់ហុតឈាម បើមានមួយត្រូវអត់មួយ តាមរយៈពាក្យស្លោក មានស៊ីអត់សែន មានសែនអត់ស៊ី ហើយ ឥឡូវនេះបានសែនអត់ស៊ី ហើយទទួលទៅ ។

ឯកឧត្តម សុខ ឥសានបានលើកឡើង តាមរយៈបណ្ដាញទំនាក់ទំនង តេលេក្រាម នៅថ្ងៃទី៣មីនានេះ ថា “តាមរយៈនយោបាយមាន មួយអត់មួយនេះ របស់សម រង្ស៊ី កូនជនក្បត់ជាតិសម សារី នៅទីបំផុតបានសម្រេចផល សមតាមបំណងប្រាថ្នា របស់ខ្លួន គឺចាប់តាំងពីឆ្នាំ ២០១៥ មកដល់ពេលនេះ មានសែន អត់ស៊ី មែន។ ប៉ុន្តែ គួរឲ្យឆ្ងល់ជាពន់ពេកណាស់ បើបានជោគជ័យហើយ ហេតុម៉្តេចទណ្ឌិត សម រង្សី មិនទទួលយកទៅ ? ចាំបាច់អ្វីមកអំពាវនាវរកការចរចាថ្នាក់ជាតិស្អីនោះ ដោយមានអន្តរជាតិ ធ្វើជាសាក្សីស្អីទៀត “?

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងបន្ថែមថា “ការចរចាដែលមានអន្តរជាតិ ធ្វើសាក្សីបានអនុវត្តរួចហើយ តាំងពីឆ្នាំ១៩៩១មកម៉្លេះ ក្នុងបរិបទដែលប្រទេស កម្ពុជា មានជម្លោះរវាងខ្មែរនឹងខ្មែរ ។ ប៉ុន្តែនាពេលនេះ មិនមែនដូចពេលមុនទេ គឺអត់មានជម្លោះ រវាងខ្មែរនឹងខ្មែរទេ មានតែខ្មែរសម រង្ស៊ី កឹម សុខា និងខ្មែរ១១៨ នាក់ ប្រព្រឹត្តបទល្មើសច្បាប់ ធ្ងន់ធ្ងរដល់ថ្នាក់ ក្បត់ជាតិទើប ត្រូវទទួលទោសតាមច្បាប់។ ដូច្នេះគ្មានទេការចរចាជាមួយអ្នកខុសច្បាប់ និងអ្នកមានទោស ទុកចរចាជាមួយតុលាការចុះ” ។

ឯកឧត្តម សុខ ឥសានបានបញ្ជាក់ថា  “គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បើកទ្វារចំហរចរចាជាមួយ អ្នកនយោបាយខ្មែរទូទៅ បើមានការចាំបាច់ក្នុងការ ដោះស្រាយបញ្ហាជាតិ និងប្រជាជន តាមរយៈនយោបាយបង្រួបបង្រួមជាតិ និងវប្បធ៌មសន្ទនា។ ហេតុនេះ ទណ្ឌិត សម រង្សី កុំបំភ្លេចចោលនយោបាយ មានស៊ីអត់សែន មានសែន អត់ស៊ីអី ឥឡូវមានសែន អត់ស៊ីហើយទេតើ ? ទទួលយកទៅ”៕