ឯកឧត្តម សុខ ឥសាន បានចំអកឲ្យលោក សម រង្ស៊ី ថា គោលបំណងចង់ឲ្យមានការជួបចរចាណាមួយនោះ គឺគ្មាន តែម្តង គឺពិតជាការយល់សប្តិហើយ កុំសង្ឃឹមឲ្យសោះ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅល្ងាចថ្ងៃទី១ មីនា នេះ បានចំអកឲ្យលោក សម រង្ស៊ី ថា គោលបំណងចង់ឲ្យមានការជួបចរចាណាមួយនោះ គឺគ្មាន តែម្តង គឺពិតជាការយល់សប្តិហើយ កុំសង្ឃឹមឲ្យសោះ ។

ឯកឧត្តម សុខ ឥសាន បានពន្យល់ថា “អតីតៈមេបក្សប្រឆាំង និងជាទណ្ឌិត កំពុងឆ្លេឆ្លារខ្លាំងណាស់ ដោយចង់ឲ្យមានរបស់ដែលហៅថា ការចរចាថ្នាក់ជាតិមួយ រវាងភាគីរាជរដ្ឋាភិបាលកម្ពុជា និងភាគីទណ្ឌិត ដែលចង់បានមាន ដង្ហើមដកឡើងវិញ ក្នុងសកម្មភាពនយោបាយនៅកម្ពុជា ជាពិសេសចង់ចូលរួមក្នុងការ បោះឆ្នោតជាតិ នាពេលឆាប់ៗខាងមុខនេះ “។

បើតាមការអះអាងរបស់ឯកឧត្តម សុខ ឥសាន “ដើម្បីឲ្យការស្រមើស្រមៃរបស់ទណ្ឌិត និងជាឧទ្ទាមក្រៅច្បាប់ នេះបានសម្រេច  មានបក្សពួករបស់ទណ្ឌិត និងឧទ្ទាម បានរួមមតិយោបល់ថា បើសិនជាមានជំនួបគ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា និងទណ្ឌិត ពិភាក្សាគ្នាក្នុងនាមជាខ្មែរ នឹងខ្មែរ ហើយបើបានហូបបាយជាមួយគ្នាទៀត ជាការកាន់តែល្អ ហើយសង្ឃឹមថានឹងអាចរកដំណោះស្រាយបាន”។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការជួបគ្នា និងហូបបាយសាមគ្គីរវាងក្រុមគ្រួសារ ធ្លាប់បានបង្រៀនសម្តេចតេជោរួចហើយ តែរាល់បំណងដ៏ល្ឋរបស់សម្តេច ត្រូវបានជនអគតិជាដៃគូសន្ទនាប្រមាថហើយបំផ្លាញចោលយ៉ាងព្រៃផ្សៃ ។ ម៉្យាងទៀត ការធ្វើដំណើរទៅអូស្ត្រាលី គឺជាការដឹកនាំគណប្រតិភូជាន់ខ្ពស់ដើម្បីប្រជុំកំពូលអាស៊ាន-អូស្ត្រាលី   គ្មានឱកាសជួបជាមួយទណ្ឌិតណាឡើយ ។ ទណ្ឌិត គ្មានឋានៈស្អីមកជួបសម្តេចនោះ  មានតែចូលគុកទេ ។ បើសិនជាមានពេល អាចសម្តេចតេជោ យកពេលនេះ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនរួមឈាមខ្មែរនៅអូស្ត្រាលី ជាការប្រសើរជាង ៕