ឯកឧត្តម សុខ ឥសាន៖ សភាពការណ៍កម្ពុជា កើតឡើងដោយសារការប្រព្រឹត្តល្មើសច្បាប់របស់គណបក្សសង្គ្រោះជាតិ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានការសោកស្តាយចំពោះ ការប្រកាសរបស់ស្ថានទូត សហរដ្ឋអាមេរិក និងរបស់តំណាងសហភាពអ៉ិរ៉ុប ដែលបានសំដែងនូវការវាយតម្លៃខុសការពិត នៃសភាពការណ៏ នយោបាយរបស់កម្ពុជា ថាទ្បើងកំដៅនយោបាយប្រកបដោយគ្រោះថ្នាក់ និងមានកង្វល់យ៉ាងខ្លាំង ។
ឯកឧត្តម មានប្រសាសន៍បន្តថា តាមការពិត សភាពការណ៏កម្ពុជាបានកើតទ្បើងដោយសារអំពើប្រព្រឹត្តល្មើសច្បាប់របស់សមាជិកព្រឹទ្ធសភា ឯកឧត្តម ហុង សុខហួរ ឯកឧត្តម អ៊ុំ សំអាន ឯឧ សម រង្ស៊ី និងចុងក្រោយ ឯកឧត្តម កឹម សុខា ដែលបុគ្គលទាំងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នូវទង្វើរបស់ខ្លួន ដេីម្បីរួមចំណែកកសាងប្រទេសតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ឯកឧត្តម បានបញ្ជាក់ថា ស្ថានទូត សហរដ្ឋអាមេរិក និង សហភាព អ៉ឺរ៉ុបគួរណែនាំ ឯកឧត្តម ទំាងអស់នោះឲ្យខិតខំគោរពច្បាប់ និងចេះអនុវត្តច្បាប់ កុំធ្វើអ្វីខុសច្បាប់ ទើបជាការប្រសើរ។ បើបណ្តាប្រទេស មានចេតនាល្អចំពោះ កម្ពុជា នោះ មិនមានបញ្ហាស្មុគ្រស្មាញដូចបច្ចុប្បន្ននេះទេ ។