អភិបាលខេត្តស្ទឹងត្រែង ដឹកនាំមន្រ្តីជំនាញចុះពិនិត្យទីតាំងសាងសង់ស្ពានចំនួន០៣កន្លែង ក្នុងខេត្តស្ទឹងត្រែង


នៅថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យទីតាំងសាងសង់ស្ពាន ចំនួន០៣កន្លែង ស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យទីតាំងនៅមូលដ្ឋានផ្ទាល់ ដើម្បីសាងសង់ស្ពាន (ស្ពានបាឡេ) នៅចំណុចអូររុន មានប្រវែង៦៥ម៉ែត្រ តភ្ជាប់ពីឃុំអូររៃ ទៅឃុំកាំងចាម និងទីតាំងសាងសង់ស្ពាន នៅចំណុចអូរតាសូស មានប្រវែង៤៥ម៉ែត្រ ជំនួសស្ពានចាស់ដែលមានសភាពទ្រុឌទ្រោម ស្ថិតនៅក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានពិនិត្យទីតាំងសាងសង់ស្ពានមួយកន្លែងទៀត នៅចំណុចអូរសៀមបូក មានប្រវែង ៥៥ម៉ែត្រ ស្ថិតនៅក្នុងឃុំសៀមបូក ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នៅក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ស្ពានទាំង០៣កន្លែងនេះ ឯកឧត្តមអភិបាលខេត្ត បានជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពួកគាត់ផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កន្លងមក បងប្អូនប្រជាពលរដ្ឋមានការលំបាកនៅក្នុងការធ្វើដំណើរ ដោយខ្វះស្ពានដើម្បីតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយទៀត ជាពិសេសពិបាកក្នុងការធ្វើដំណើរនៅរដូវទឹកឡើង។ នៅពេលខាងមុខនេះ ស្ពានចំនួន០៣កន្លែងនឹងត្រូវបានសាងសង់ឡើង ហើយបងប្អូននឹងចំណេញពេលវេលា ងាយស្រួលក្នុងការធ្វើដំណើរ និងជួយលើកម្ពស់ជីវភាពរបស់បងប្អូនផងដែរ។

ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ និងស្រុកសៀមបូក បានសម្តែងនូវការអបអរសាទរ រីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយនូវរាល់ការលំបាកគ្រប់យ៉ាងជូនពួកគាត់៕