ឯកឧត្ដម​ សាយ​ សំអាល់ ​អញ្ជើញ​ចុះសួរសុខទុក្ខ​នាយ​ទាហាន​ នាយ​ទាហាន​រង​ ពល​ទាហាន​ នៃកង​យោធពល​ខេមរភូមិន្ទ​យោធភូមិភាគ​ទី​១


នា​រសៀល​ថ្ងៃ​ទី​៥​ ខែ​មីនា​ ឆ្នាំ​២០១៨​ ឯកឧត្ដម​ សាយ​ សំអាល់​ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​នាយ​ទាហាន​ នាយ​ទាហាន​រង​ ពល​ទាហាន​ នៃកង​យោធពល​ខេមរភូមិន្ទ​យោធភូមិភាគ​ទី​១​ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​ស្ទឹងត្រែង​ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គភាព​ការពារ​ជាតិ​ ​ស្ថាប័ន​ជំនាញ​ និង​​វិស័យ​ឯកជន​ ក្នុង​បុព្វហេតុ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ វឌ្ឍនភាពសង្គម​ និងភាព​សុខ​ដុម​រមនា​។ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​មនសិការ​​ស្នេហា​ជាតិ​ និងភាពអង់អាច​ក្លាហាន​របស់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​ រួមទាំង​មន្ត្រី​ឧទ្យានុរក្ស​ ដែល​បាន​ឈរជើង​ការពារព្រះរាជាណាចក្រកម្ពុជា​ ដើម្បី​​អធិបតេយ្យ​ និងបូរណភាពទឹកដី​។