អភិបាលខេត្តពោធិ៍សាត់ ផ្តល់ស្រូវពូជផ្ការំដួល ៨តោន ជូនប្រជាកសិករ ២ឃុំ ក្នុងស្រុកកណ្តៀង


ពោធិ៍សាត់ ៖ ស្រូវពូជផ្ការំដួល (ស្រូវក្រអូប) ចំនួន ៨តោន ដែលរៀបចំដោយ មន្ទីរកសិកម្មខេត្ត ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្ត ចុះផ្តល់ជូនដល់ប្រជាកសិករ ចំនួន ២០០គ្រួសារ មកពីឃុំស្យា ៣ភូមិ និង ឃុំស្រែស្តុក ៦ភូមិ ក្នុងស្រុកកណ្តៀង នៅលើខ្នងប្រឡាយ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រែកស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ សម្រាប់ចាប់ផ្តើមបើកធ្វើស្រូវដើមរដូវវស្សា ។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦ ដោយមានការចូលរួមពី លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ លោកស្រី ហ៊ុន ចាន់ធី សមាជិកាកិត្តិយស និង សមាជិក សមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្ត លោក លោកស្រី អភិបាលរងខេត្តព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ។
លោក ម៉ៅ ធនិន មានប្រសាសន៍ថា ៖ ផ្អែកតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត ឃើញថាឆ្នាំ២០១៦ ការងារបង្កបង្កើនផល សម្រេចបាន ១.២២៦ហិកតា ស្មើនឹង ១,២៣% នៃផែនការឆ្នាំ ១០០.០០០ហិកតា ។ ក្នុងខែឧសភានេះ ខេត្តពោធិ៍សាត់ទទួលបានរបបទឹកភ្លៀងតិចតួច បានអូសបន្លាយពេលវេលា លើការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០១៦ មកទល់ពេលនេះយើងសម្រេចបានពង្រោះសរុបចំនួន ៨៨៦០ហិកតាតែប៉ុណ្ណោះ ស្មើនឹង ៨,៨៦%  នៃផែនការឆ្នាំ ១០០.០០០ហិកតា បើប្រៀបធៀបនឹងឆ្នាំមុន ឃើញថាមានសន្ទុះថយជាងចំនួន ២០.១១១ហិកតា ។ ដោយមើលឃើញស្ថានភាពបែបនេះ អាជ្ញាធរខេត្ត និង មន្ទីរកសិកម្មខេត្ត បាននាំយកស្រូវពូជផ្ការំដួល (ស្រូវក្រអូប) ចំនួន ៨តោន មកចែកជូនប្រជាកសិករទាំង ២០០គ្រួសារ សម្រាប់ចាប់ផ្តើមបើកការធ្វើស្រូវដើមរដូវ ។ លោកបានបញ្ជាក់ថា នេះគឺជាការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និង មន្ទីរជំនាញ ចំពោះប្រជាពលរដ្ឋគ្រប់ពេលវេលា និង គ្រប់ទីកន្លែងទូទាំងខេត្ត ។
លោកបានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូល មានភ័ព្វសំណាងណាស់ ដោយទទួលបាននូវសមិទ្ធិផលជាច្រើនពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចជាទំនប់ស្ទាក់ទឹកទី៣ និង ទី៥ ដែលទំនប់ទាំង២ មានសមត្ថភាពស្តុកទឹកបានរហូតដល់ជាង ៥០លានម៉ែត្រគូប ដើម្បីស្រោចស្រពស្រូវជូនប្រជាពលរដ្ឋក្នុងរដូវប្រាំង ។
ប្រជាកសិករ ដែលមកទទួលយកស្រូវពូជផ្ការំដួល ចំនួន ២០០គ្រួសារ ៖ មកពីឃុំស្យា ៣ភូមិ ស្មើនឹង ៤០គ្រួសារ និង មកពីឃុំស្រែស្តុក ៦ភូមិ ស្មើនឹង ១៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ស្រូវ ៤០គីឡូក្រាម ដោយអមនូវសារុងម្នាក់មួយ ជាអំណោយ របស់លោក ម៉ៅ ធនិន និង លោកស្រី ហ៊ុន ចាន់ធី ។
ក្រោយពីចែកជូននោះរួចមក លោកអភិបាលខេត្ត  បានដឹកនាំមន្ទីរជំនាញ ចុះដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃប្រកបដោយភាពជោគជ័យជាក់លាក់ រវាងគ្រួសារលោកយាយ សំ វ៉ាន ជាមួយប្រជាពលរដ្ឋ ១៨គ្រួសារ លើផ្ទៃដី ២២ហិកតា នៅចំណុចកែវមុន្នី ភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ៕

Mao Tornin 3-6-2016 (3)

Mao Tornin 3-6-2016 (5)

Mao Tornin 3-6-2016 (4)

Mao Tornin 3-6-2016 (6)

Mao Tornin 3-6-2016 (8)

Mao Tornin 3-6-2016 (9)

Mao Tornin 3-6-2016 (10)

Mao Tornin 3-6-2016 (11)

Mao Tornin 3-6-2016 (12)

Mao Tornin 3-6-2016 (13)

Mao Tornin 3-6-2016 (14)

Mao Tornin 3-6-2016 (15)