ឯកឧត្តម សុខ ឥសាន៖ CPP មិនដែលប្រកាសបិទទ្វារចរចារ ប៉ុន្តែត្រូវកំណត់ប្រធានបទអោយបានច្បាស់លាស់


ឆ្លើយតបនឹង ការលើកឡើងរបស់ ឯកឧត្តម យ៉ែម បុញ្ញាឬទ្ធិ ដែលបានលើកឡើងថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ យកវប្បធម៌សន្ទនាជានិច្ចនិងបើកទ្វារចំហរសម្រាប់ចរចារកដំណោះស្រាយនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មិនដែលប្រកាស បិទទ្វារសម្រាប់ចរចា នោះទេ រង់ចាំជានិច្ច ។  រហូតមកដល់ពេលនេះមិនទាន់ឃើញគណបក្សសង្គ្រោះជាតិ បោយដៃសម្រាប់ចរចានោះទេគឺបានតែប្រកាសក្រៅផ្លូវការប៉ុណ្ណោះ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការចរចានោះ ទី១.សុំធ្វើការទំនាក់ទំនងតាមរយៈខ្សែរយៈដែលធ្លាប់អនុវត្តនាពេលកន្លងមក។ទី២.ថ្នាក់ដឹកនំានៃការចរចាជាអ្នកណា  និងទី៣.  ប្រធានបទនៃការចរចាជាអ្វី ។
ឯកឧត្តម បានសង្កត់ធ្ងន់ថាគណបក្សសង្គ្រោះជាតិតែងតែស្រែកពីខាងក្រៅរហូត ប៉ុន្តែមិនដែលឃើញ ស្នើសុំមកជួប គណបក្សប្រជាជនកម្ពុជាសោះ  ។ គណបក្សប្រជាជនកម្ពុជាមានអំណាចក្នុងដៃមិនដែលប្រកាសបិទទ្វារចរចានោះទេ គ្រាន់តែរវល់ការងារជាមួយប្រជាជន។
ឯកឧត្តមបញ្ជាក់ថា« គណបក្សប្រជាជនកម្ពុជា អត់មានប្រកាសបិទទ្វារ ម្តងណានោះទេ ក៏ប៉ុន្តែវប្បធម៌សន្ទនាមានប្រធានបទច្បាស់លាស់ មិនអាចនិយាយពីការងារតុលាការឬពិភាក្សាគ្នាដោះលែងអ្នកទោសពីក្នុងពន្ធនាគារមកទេ អាហ្នឹងរំលោភសមត្ថកិច្ច តុលាការ ហើយយើងមិនធ្វើអាហ្នឹងទេ ។ ប្រសិនបើលើកប្រធានបទនោះមក មិនអាចទៅរួចទេ »៕