ដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញទៅដាក់តម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ

28553

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអញ្ជើញ​ទៅកាន់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ស្ថិតនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីធ្វើការតម្កល់លិខិតុបករណ៍នៃការចូលជាសមាជិកច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ បង្ហាញឲ្យឃើញពីចក្ខុវិស័យ និងវឌ្ឍនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សារភ្ជាប់ជាមួយយន្តការអន្តរជាតិ សម្រាប់ការស្នើសុំចុះបញ្ជីការពារឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាលក្ខណៈអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា តាមរយៈការដាក់ពាក្យស្នើសុំតែមួយនៅអង្គការ WIPO ដោយគ្រាន់តែបង់កម្រៃសេវាជូនទៅអង្គការ WIPO និងបង់កម្រៃសេវាចុះបញ្ជីជូនភាគីហត្ថលេខីណាមួយនោះ កម្ពុជានឹងទទួលបាននូវការការពារជាលក្ខណៈអន្តរជាតិក្នុងបូរណភាពដែនដីនៃភាគីហត្ថលេខីនោះ ដោយមិនចាំបាច់ចំណាយថវិកាជួលមេធាវីតំណាងឲ្យការស្នើសុំចុះបញ្ជីក្នុងភាគីហត្ថលេខីនីមួយៗនោះឡើយ។ លើសពីនេះ ការចូលជាសមាជិកនេះ កម្ពុជាក៏មានកាតព្វកិច្ចត្រួតពិនិត្យ និងផ្តល់កិច្ចការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសដែលស្នើសុំចុះបញ្ជីជាលក្ខណៈអន្តរជាតិ ក្រោមច្បាប់កម្ពុជា ហើយកម្ពុជានឹងទទួលបានកម្រៃសេវាចុះបញ្ជីផងដែរ។

«នៅពេលទំនិញសម្គាល់ភូមិសាស្ត្រកម្ពុជា មានសក្តានុពលនាំចេញទៅកាន់ទីផ្សារអន្តរជាតិ យើងចាំបាច់ត្រូវស្វែងរក និងពង្រីកកិច្ចការពារជាលក្ខណៈអន្តរជាតិឲ្យបានរឹងមាំ ដើម្បីប្រឆាំងនឹងការប្រើប្រាស់ដែលគ្មានការអនុញ្ញាត ការលួចចម្លង ការរំលោភបំពាន ឬការទាញយកផលប្រយោជន៍ពីកិត្តិនាមនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់កម្ពុជា ក្នុងបូរណភាពដែនដីទាំងអស់» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

នៅក្នុងដំណើរបំពេញបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជួបពិភាក្សាទ្វេភាគីជាមួយលោក ហ្វ្រង់ស៊ីស ហ្គារី (Francis Gurry) អគ្គនាយកនៃអង្គការ WIPO ដើម្បីថ្លែងអំណរគុណដល់អង្គការនេះ ដែលតែងបានផ្តល់ជំនួយបច្ចេកទេសដល់ការកសាងប្រព័ន្ធកម្មសិទិ្ធបញ្ញានៅក្នុងប្រទេសកម្ពុជា ដូចជា៖ ការកសាងច្បាប់ ធនធានមនុស្ស ម៉ាកយីហោ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងយុទ្ធនាការភូមិមួយផលិតផលមួយហើយបានស្នើសុំឲ្យអង្គការនេះជួយវិស័យនេះបន្តទៅទៀត។ ជាការឆ្លើយតប លោកអគ្គនាយកនៃអង្គការនេះបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាកន្លងមក រវាងអង្គការ WIPO និងកម្ពុជា ហើយប្តេជ្ញាជួយកម្ពុជាបន្តទៅទៀត។

 28559

 28558

 28556

 28555

 28557

 28554