ឯកឧត្តម សុខ ឥសាន បានថ្លែងថា ចរិតក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ពិតមិនអាចប្រកែកបាន


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា  ចរិតក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិ មិនអាចប្រកែកបាន។

ឯកឧត្តម សុខ ឥសាន បានលើកឡើងតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ថា ទណ្ឌិត សម រង្ស៊ី បានសន្យាប្រគល់ដីខ្មែរ ៤ខេត្ត ឲ្យពួកយួនសេរី ដេហ្គា កាន់កាប់និងគ្រប់គ្រង ធ្វើជាមូលដ្ឋានបង្អែកដើម្បីប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ។ ទណ្ឌិត សម រង្សីជាអ្នកញុះញង់បង្កសង្គ្រាមជាមួយប្រទេសវៀតណាម ផ្ទុយពីឆន្ទៈរបស់ប្រជាជនកម្ពុជា ដែលចង់បានសន្តិភាព និងទំនាក់ទំនងមិត្តភាព សាមគ្គីភាពល្អជាមួយប្រទេសជិតខាង ។

ឯកឧត្តម បន្តថា “ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ ក្បត់ប្រជាជនកម្ពុជា ចង់នាំមកនូវគ្រោះមហន្តរាយដូចពីអតីតកាលមកដាក់នៅកម្ពុជាជាថ្មីម្តងទៀត” ។

ឯកឧត្តម សុខ ឥសាន បានសរសេរបន្តទៀតថា ផ្អែកលើមូលដ្ឋានអវិជ្ជមានខាងលើនេះ ប្រជាជនកម្ពុជា ប្តេជ្ញារួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវរបស់ គណបក្សប្រជាជនកម្ពុជា វាយកម្ទេចរាល់ឧបាយកល និងសកម្មភាពក្បត់ជាតិ របស់ពួកឧទ្ទាមក្រៅច្បាប់ ដែលបាននិងកំពុងធ្វើ សកម្មភាពបម្រើឧបាយកលពិសពុល នៃពួកចក្រពត្រ័ដែល មានឧបាយកល ចង់បំផ្លាញប្រទេសកម្ពុជា និងផលប្រយោជន៍ របស់ប្រជាជនកម្ពុជា ដើម្បីការពារឲ្យបានសន្តិភាព ស្ថិរភាពនយោបាយនិងសុខសុវត្ថិភាព នៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។

ឯកឧត្តមបានបន្ដទៀតថា ប្រជាជនកម្ពុជាប្តេជ្ញាកំចាត់ចោលពួកក្បត់ជាតិដូច ទណ្ឌិត សម រង្ស៊ី  ជនជាប់ចោទ កឹម សុខា និងបក្ខពួកទាំង ១១៨ រូបទៀត កុំឲ្យវិលវិញ មកជាន់ដីកម្ពុជា បានជាដាច់ខាត ៕