អាមេរិកជួយកម្ពុជា លើសេចក្តីព្រាងច្បាប់ ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា


US Help 07 06 16 2 copy

     អ្នកនំាពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា សហរដ្ឋអាមេរិកនឹងជួយគាំទ្រកម្ពុជា ក្នុងការបង្កើតសេចក្តីព្រាងច្បាប់ ស្តីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ។ ការប្រកាសរបស់សហរដ្ឋអាមេរិក ជួយកម្ពុជានេះ បានប្រព្រឹត្តទៅគ្រាដែលកម្ពុជា កំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ដែលនៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ ។

     មន្ត្រីអ្នកនំាពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានថ្លែងការប្រកាសជួយរបស់អាមេរិកនេះ បានធ្វើក្នុងជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ឯកឧត្តម William A. Heidt និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍានា នៅថ្ងៃទី៦ ខែមិថុនានេះ នៅទីស្តីការក្រសួងយុត្តិធម៌ ។

     មន្ត្រីអ្នកនាំពាក្យដដែលបានថ្លែងថា ឯកឧត្តម William A. Heidt បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក រីករាយក្នុងកិច្ចសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីបង្កើនសមត្ថភាពជំនាញ ដល់មន្ត្រីអនុវត្តច្បាប់លើសេចក្តីព្រាងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ។ លោក ជិន ម៉ាលី បានបន្តថា នៅខែកក្កដា ខាងមុខនេះគណៈប្រតិភូក្រសួងយុត្តិធម៌ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត គ្រោងនឹងបំពេញទស្សនកិច្ចនៅទីក្រុង Washington ក្នុងការពិភាក្សាស្វែងយល់ និងសិក្សាបន្ថែមពីការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ ។

     មន្ត្រីអ្នកនាំពាក្យដដែលបានបន្ថែមថា ក្នុងជំនួបនាព្រឹកមិញនេះដែរ សហរដ្ឋអាមេរិក បានកោតសរសើរកម្ពុជាលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស… ការប្រយុទ្ធប្រឆាំងការរំលោភសេពសន្ធៈវៈ និងបញ្ហាស្មុំកូនជាដើម ហើយលោកបញ្ជាក់ថាស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា រីករាយនឹងសហការជាមួយក្រសួងយុត្តិធម៌ ក្នុងការបង្កើនសមត្ថភាពមន្រ្តីជំនាញរបស់កម្ពុជា ។

US Help 07 06 16 3 copy

US Help 07 06 16 4 copy