ក្រុមហ៊ុន GreenLeader នឹងចាប់ផ្ដើមសាងសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំនៅខែមេសាខាងមុខ និងមានគម្រោងបង្កើតរោងចក្រចំនួន ៥ ក្នុងរយៈពេល ២ ឆ្នាំ

29000

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក Michael Tse នាយកប្រតិបត្តិនៃក្រុមហ៊ុន GreenLeader ដែលជាក្រុមហ៊ុនមួយបានបោះទុននិវិយោគក្នុងកម្រិតធំលើការកែច្នៃផលិតផលដំឡូងមី។

លោក Tse បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសនោះថា ក្រុមហ៊ុន GreenLeader ជាក្រុមហ៊ុនមួយដែលបានចុះបញ្ជីលក់ភាគហ៊ុនជាសាធារណៈនៅទីក្រុងហ៊ុងកុង ហើយបានចូលមកកម្ពុជាដើម្បីបង្កើតជារោងចក្រកែច្នៃដំឡូងមីខ្នាតធំ សម្រាប់កែច្នៃដំឡូងមីទៅជាម្សៅ។ លោក Tse បានបញ្ជាក់ថា ជាការចាប់ផ្ដើមអនុវត្តដំបូងទៅលើចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន GreenLeader ក្រុមហ៊ុននឹងចាប់ផ្ដើម​សាងសង់រោងចក្រទី១ នៅខេត្តក្រចេះនៅអំឡុងខែមេសាខាងមុខនេះ ដោយរោងចក្រនេះមានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅប្រមាណ ១០០.០០០ តោនក្នុងមួយឆ្នាំ។

ជាមួយនោះផងដែរ លោក Tse បានបញ្ជាក់ថា ដើម្បីអាចទទួលបានផលកែច្នៃក្នុងទ្រង់ទ្រាយដូចខាងលើ រោងចក្រចាំបាច់ត្រូវការដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច ៥០០.០០០ តោនក្នុងមួយឆ្នាំ ហើយដើម្បីទ្រទ្រង់កម្រិតផលិតកម្មនេះបាន ក្រុមហ៊ុននឹងប្រើប្រាស់យន្តការកិច្ចព្រមព្រៀងកសិកម្ម (Contract Farming) ជាមួយនឹងកសិករ ដោយផ្ដល់ជូននូវបច្ចេកទេស ពូជ និងធនធានមួយចំនួនទៀត។ លោកបានបន្ថែមថា ក្រុមហ៊ុនក៏មានគម្រោងបង្កើតរោងចក្រចំនួន ៥ ក្នុងរយៈពេល ២ឆ្នាំ ដោយរោងចក្រទីពីរអាចនឹងសាងសង់នៅប៉ែកខាងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន GreenLeader ដែលបានមកបោះទុនកម្រិតធំនេះនៅកម្ពុជា ជាពិសេស​គឺ​វិនិយោគ​លើ​វិស័យកសិកម្ម ដែលជាវិស័យមួយដ៏សំខាន់របស់កម្ពុជា។ ជាមួយនឹងផលិតផលដំឡូងមី ឯកឧត្តមបានមានប្រសាសន៍ថាជាផលិតផលកសិកម្មធំទីពីររបស់កម្ពុជា បន្ទាប់ពីស្រូវ ហើយក៏ជាផលិតផលមួយដែលមានសក្ដានុពលខ្ពស់សម្រាប់កែច្នៃ និងនាំចេញ ដោយដំឡូងមីអាចកែច្នៃទៅជាមុខទំនិញជាច្រើនដូចជា ម្សៅមី ប្រេងឥន្ធនៈអេតាណុល គ្រាប់ថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគដទៃទៀត។

ឯកឧត្តម សង្ឃឹមថាការវិនិយោគនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់កសិករកម្ពុជា ជាពិសេសបង្កើនចំណូលរបស់ពួកគាត់ កាត់បន្ថយចំណាកស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ មុននឹងបញ្ចប់ ឯកឧត្តម ជម្រាបជូនថាក្រុមហ៊ុន GreenLeader អាចពិចារណាចាប់ជាដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីជាការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ហើយជម្រាបដែរថាក្រសួងពាណិជ្ជកម្ម នឹងត្រៀមខ្លួនជានិច្ចដើម្បីជួយសម្រួលដល់ដំណើរការធុរកិច្ចរបស់ក្រុមហ៊ុន។

 28999

 29004

 29003

 29002

 29007

 29006

 29001

 29005