ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ពួកបក្សប្រឆាំង និងពួកឧទ្ទាមក្រៅច្បាប់ កំពុងតែឆ្លៀតឱកាស និងលើកទឹកចិត្តចលនា ដែលគេឲ្យឈ្មោះថា បើឈ្នះបានដី បើចាញ់បានលុយ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ពួកបក្សប្រឆាំង និងពួកឧទ្ទាមក្រៅច្បាប់ កំពុងតែឆ្លៀតឱកាស និងលើកទឹកចិត្តចលនា ដែលគេឲ្យឈ្មោះថា បើឈ្នះបានដី បើចាញ់បានលុយ ។

ឯកឧត្តម សុខ ឥសាន បានថ្លែងតាមរយៈ បណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១៣ មីនានេះថា កន្លងទៅ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ដែលខ្វះដីពិតប្រាកដ តាមរយៈគោលនយោបាយសម្បទានដីសង្គមកិច្ច ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានខិតខំដោះស្រាយ វិវាទដីធ្លីក្នុងប្រជាជនដើម្បីធ្វើបណ្តា បញ្ហាបានធ្លាក់ចុះពីប្រមាណ ២ម៉ឺនករណី មកនៅតិចតួចបំផុត ។

ឯកឧត្តម បន្តថា ប៉ុន្តែបញ្ហានៅតែ កើតឡើងជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ អភិវឌ្ឈន៏និងវិនិយោគ ដែលជនខិលខូចមួយចំនួនប្រើ ឧបាយកលធ្វើអាជីវកម្ម តាមរយៈពាក្យស្លោក បើឈ្នះបានដី បើចាញ់បានលុយ មកបំផុសបំផុលប្រជាជន មួយចំនួនពីបណ្តាខេត្តនានា មកធ្វើជារបាំង ។

ឯកឧត្តម បន្តទៀតថា ទោះបានដឹងពី ឧបាយកលកខ្វក់យ៉ាងនេះ ក៏ដោយក៏រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី នៅតែព្យាយាមខិតខំ ដោះស្រាយជូន បងប្អូនប្រជាពលរដ្ឋដែរ ដោយគិតថា ជាជនរួមឈាមខ្មែរ ដូចគ្នា មកពីចម្ងាយមានការលំបាកខ្វះខាត ។ ប៉ុន្តែ ទោះបីដោះស្រាយបានរាប់ពាន់ ម៉ឺនគ្រួសារហើយក៏ នៅតែកើតមានបញ្ហាដដែល ។

ឯកឧត្តម គូសបញ្ជាក់ថា បើពិនិត្យឲ្យស៊ីជម្រៅទៅ បានឃើញថា ករណីដោះស្រាយដីសម្បទានសង្គមកិច្ច នេះតាមគោលនយោបាយ ដ៏ល្អរបស់រាជរដ្ឋាភិបាល ក៏អាចជាច្រកឲ្យពួកអគតិ មួយចំនួនតូចនៅតែឆ្លៀត ប្រើធ្វើជាមុខរបរសម្រាប់ បោកបញ្ឆោតពលរដ្ឋនៅតំបន់ផ្សេងៗ ឲ្យមកបង្កើតបញ្ហាជាថ្មី នៅតាមមូលដ្ឋានអភិវឌ្ឈន៏ ដែលមិនទាន់បាន ដំណើរការមកដល់ ។

ឯកឧត្តម បន្ថែមថា នៅពេលអាជ្ញាធរ ឬសមត្ថកិច្ច ចុះទៅដោះស្រាយ មានពួករុយទៅដល់ភ្លាម ចាំការពារ ដោយយកឡេះផ្សេងៗ មកសំអាងដូចជាសិទ្ធិមនុស្ស សិទ្ធិលំនៅឋាន អាជ្ញាធរធ្វើបាបប្រជាជនក្រីក្រ រដ្ឋអំណាចប្រើអំណាចជិះជាន់ប្រជាជនក្រីក្រ ទន់ខ្សោយ បំផុស ដុតកំហឹងឲ្យមានការតវ៉ា បះបោរទាមទារសិទ្ធិសេរីភាពសិប្បនិមិត្ត បំពងសម្លេងឲ្យព្ញដល់ វិទ្យុអាស៊ីសេរី វីអូអេ អាលនឹងបែករឿងកាន់តែធំ វែងឆ្ងាយពាសពេញពិភពលោក ជាពិសេសបានព្ញដល់ពួកប្រែត នរកដែលចាំតែបន្ទរនោះ ។

ឯកឧត្តម សុខ ឥសាន បញ្ជាក់ថា “នេះហើយដែលហៅថា ឧបាយកល ឈ្នះបានដី ចាញ់បានលុយ នោះដែលពួកអគតិមួយចំនួន តែងតែឆ្លៀតប្រើប្រាស់ ដោយយកប្រជាជនមកបាំងពីមុខ ។ បើពិនិត្យឲ្យស៊ីជម្រៅទៅ ពួកដែលដឹកនាំបញ្ជាបញ្ហានេះ អាចជាខ្សែរយៈនៃពួកឧទ្ទាមក្រៅច្បាប់ ណែនាំពីក្រៅមកឲ្យបង្ករ ការអុកឡុកក្នុងសង្គមជាតិយើង មិនឲ្យបានសុខ តែប៉ុណ្ណោះ” ៕