ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា

29175

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

ខាងក្រោមប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន

* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៨ ក្រោមប្រធានបទ «វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា» ពិតជាមានសារៈសំខាន់សម្រាប់កម្ពុជាយកមកគិតគូរបន្ថែមទៀត អំពីការបង្កើតមូលដ្ឋានគាំទ្រដល់ការរីកលូតលាស់ក្នុងរយៈពេលវែង ខណៈដែលកម្ពុជាបានប្រឹងប្រែងកសាងសមត្ថភាពស្ថាប័ន, ការធ្វើទំនើបកម្មមូលដ្ឋានសម្ភារបច្ចេកទេស, ការពង្រឹងប្រសិទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ពិសេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

* សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ជាការពិតចរន្តនៃការរីកចម្រើននៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសកលលោក គឺជាកត្តាកំណត់មួយក្នុងពេលអនាគត ពិសេសក្នុងបរិការណ៍បដិវត្តន៍ឧស្សាហកម្ម។

* សម្តេចតេជោ បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នឹងជួយជំរុញផលិតភាព កំណើន ចំណេះដឹង និងសមត្ថភាពផ្នែកបច្ចេកទេស ដែលនឹងជួយកម្ពុជាកសាងបាន មូលដ្ឋានសេដ្ឋកិច្ចផ្អែកលើចំណេះដឹង ដូចជាបណ្តាប្រទេសអភិវឌ្ឍនានា។ នេះជាចំណុចសំខាន់មួយខណៈកម្ពុជាមានប្រជាជនប្រមាណ ៦៥ភាគរយ មានអាយុក្រោម ៣០ឆ្នាំ ដែលកម្ពុជាត្រូវតែរហ័សចាប់ច្បាមយកឱកាសល្អផ្នែកផលលាភប្រជាសាស្ត្រនេះ ដើម្បីសម្រេចគោលដៅទាំងឡាយរបស់ខ្លួន។ សម្តេចបន្តថា ក្នុងន័យនេះ កម្ពុជានឹងគូរឲ្យមានគោលនយោបាយ និងវិធានការដ៏ចាំបាច់នានា ដើម្បីធានាឲ្យយុវជនមានសមត្ថភាពពេញលេញចាប់យកអត្ថប្រយោជន៍ដ៏មហាសាលនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនសម្ព័ន្ធរូបវន្តសំខាន់ខ្លាំងណាស់សម្រាប់គាំទ្រកំណើន និងការអភិវឌ្ឍប្រទេស ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍រឹតតែសំខាន់ថែមទៀតសម្រាប់ឲ្យកម្ពុជាបង្កើនសមត្ថភាពប្រកួតប្រជែង និងជំរុញពិពិធកម្មសេដ្ឋកិច្ចក្នុងពេលអនាគត។ ជាក់ស្តែងប្រទេសចិន ឥណ្ឌា ប្រេស៊ីល សិង្ហបុរី ហ្វីលីពីន ថៃ ម៉ាឡេស៊ី គឺជាឧទាហរណ៍នៃប្រទេសដែលបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការបើកចំហសម្រាប់ពាណិជ្ជកម្មក្នុងវិស័យនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា និន្នាការសកលកំពុងផ្លាស់ប្តូរយ៉ាងលឿន ហើយស្ថានភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទាំងបច្ចេកវិទ្យានាំចូល ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុក និងការចាប់យកបច្ចេកវិទ្យារបស់ប្រជាជនកម្ពុជា កំពុងមានសន្ទុះកើនឡើង និងកំពុងចាក់ឫសជ្រៅបន្តិចម្តងៗទាំងនៅក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ស្របគ្នាទៅនឹងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។

* សម្តេចតេជោ បានថ្លែងថា កង្វះកម្រិតជំនាញ និងបរិមាណធនធានមនុស្ស បានកម្រិតដល់ល្បឿនអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា។ សម្តេចបន្ថែមថា ជាការសំខាន់ណាស់ ដែលត្រូវជំរុញការវិនិយោគទៅលើសក្តានុពលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឲ្យខ្លាំងក្លា ដើម្បីរៀបចំខ្លួនចាប់យកឱកាសល្អៗ និងដោះស្រាយបានបញ្ហាថ្មីៗទៀតនៅក្នុងអនាគត។

* សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាកំពុងដើរតាមមាគ៌ាត្រឹមត្រូវ ដោយកម្ពុជាបានបង្កើតក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងឆ្នាំ២០១៤ កន្លងទៅនិងការអនុម័តផែនការ មេស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិកម្ពុជាឆ្នាំ២០១៤-២០២០។ បច្ចុប្បន្ននេះក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កំពុងធ្វើការយ៉ាងសកម្មក្នុងការរៀបចំតាក់តែង គោលនយោបាយសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយរួមសហការជាមួយក្រសួងស្ថាប័ន និងអ្នកពាក់ព័ន្ធផ្សេងទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាលើវិស័យឧស្សាហកម្ម កំពុងក្លាយជាបញ្ហាប្រឈមមួយសម្រាប់កម្លាំងពលកម្មរបស់មនុស្ស ពោលពេលបច្ចេកវិទ្យា កាន់តែរីកចម្រើន ការកាត់បន្ថយកម្លាំងពលកម្មកាន់តែខ្ពស់ផងដែរ។ ក្នុងន័យនេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យមានការគិតគូរថា ភាពរីកចម្រើននៃបច្ចេកវិទ្យា នឹងមិនធ្វើឲ្យប៉ះពាល់ដល់ ការងាររបស់ប្រជាពលរដ្ឋនោះឡើយ។

* ដើម្បីជំរុញវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ សម្តេចតេជោបានបញ្ជាក់ថា កម្ពុជាក៏បានគិតគូរដើម្បីឲ្យក្រសួងអប់រំ យុវជន និងកីឡា សកម្មលើកកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅថា ស្តេម (STEM) ចាប់តាំងពីបឋមសិក្សារហូតដល់កម្រិតក្រោយមធ្យមសិក្សា។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ទន្ទឹមនឹងការរក្សាបានកំណើតសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមក្នុងអត្រាប្រមាណ ៧ភាគរយក្នុងមួយឆ្នាំ, សេដ្ឋកិច្ចកម្ពុជា នឹងឈានហួស ពីវិស័យកសិកម្ម និងរោងចក្រកាត់ដេរ។ បច្ចុប្បន្នចំនួនសហគ្រាសផលិតកម្មមានតម្លៃបន្ថែមខ្ពស់ និងទើបផុសឡើងថ្មីកំពុងកើនឡើង ជាពិសេសខាងផ្នែកសម្ភារ ប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក មានចំណែកកើនពី ៥.១ភាគរយ ក្នុងឆ្នាំ២០១២ ដល់ ៧.១ភាគរយ ក្នុងឆ្នាំ២០១៧ នៃចំនួនសហគ្រាសផលិតកម្មសរុប។

* សម្តេចបន្តថា ការនាំចូលសម្ភារបរិក្ខាអគ្គិសនី និងអេឡិចត្រូនិកកើនពី ៤.៧ភាគរយ នៃការនាំចេញសរុបក្នុងឆ្នាំ២០១១ ដល់ ៨.៣ភាគរយ ក្នុងឆ្នាំ២០១៦។ ការនាំចេញផលិតតផលឧស្សាហកម្មមិនមែនវាយនភណ្ឌរួមទាំងស្បែកជើងផងឡើងដល់ ១៦ភាគរយ នៃការនាំចេញសរុបក្នុងឆ្នាំ២០១៦ គឺលើពីគោលដៅ ១៥ភាគរយ ក្នុងឆ្នាំ២០២៥ ដែលនាំកំណត់ក្នុងគោលនយោបាយអភិវឌ្ឍឧស្សាហកម្មកម្ពុជា២០១៥-២០២៥។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា លទ្ធផលនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅឆ្ងាយពីប្រទេសអាស៊ានមួយចំនួន។ ក្នុងនោះចំណាយរបស់កម្ពុជាក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ ក៏នៅតិចនៅឡើយ គឺត្រឹម ០.១២ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៥ ធៀបនឹង ០.៦៣ភាគរយ នៅថៃ និង ១.៣ភាគរយនៅម៉ាឡេស៊ី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍឲ្យដល់ ០.២ភាគរយ នៃផលិតផលក្នុងស្រុកនៅឆ្នាំ២០២០ ដល់ ១ភាគរយនៅឆ្នាំ២០២៥ និងដល់ ១.៥ភាគរយនៅឆ្នាំ២០៣០។ ក្នុងនោះកម្ពុជាក៏នឹងយកចិត្តទុកដាក់អំពីអ្នកស្រាវជ្រាវ ខណៈចំនួនអ្នកស្រាវជ្រាវនៅកម្ពុជាគិតក្នុងប្រជាជន១លាននាក់ នៅឆ្នាំ២០១៥ មានប្រមាណ ៥០នាក់ បើគិតតាមចំនួនអ្នកស្រាវជ្រាវ និងប្រមាណ ៣០នាក់ បើគិតជាចំនួនអ្នកស្រាវជ្រាវធ្វើការពេញម៉ោង ហើយកម្ពុជាមានគោលដៅ បង្កើនចំនួនអ្នកស្រាវជ្រាវពេញម៉ោងឲ្យដល់ ២០០០នាក់ នៅឆ្នាំ២០៣០។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ឲ្យខ្លាំងក្លានូវវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កម្ពុជាត្រូវខិតខំកសាងមូលដ្ឋានគាំទ្រនានា ដែលធានាដល់ការរីកលូតលាស់នៃវិស័យនេះ។ រួមមាន៖

១៖ ការជំរុញកម្លាំងកម្លាំងពលកម្មមានជំនាញខ្ពស់៖ កម្ពុជា នឹងយកចិត្តទុកដាក់ខ្ពស់លើកម្មវិធីសិក្សាអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិជ្ជា (STEM) និងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយជួយគាំទ្រការផ្សារភ្ជាប់គ្នារវាងវិស័យអប់រំ និងសហគ្រាសអាជីវកម្មផងដែរ។ ក្នុងនោះកម្ពុជា ក៏នឹងបង្កើតប្រព័ន្ធទទួលស្គាល់ថ្នាក់ជាតិមួយ សម្រាប់ផ្តល់រង្វាន់ដល់បុគ្គល និងក្រុមនានា ដែលបានចូលរួមចំណែកលើកស្ទួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

២៖ ការលើកកម្ពស់បណ្តាញស្រាវជ្រាវ និងអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមានគុណភាពខ្ពស់៖ កម្ពុជា នឹងបន្តជំរុញយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីជួយទ្រទ្រង់ដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្អរូបវន្តសម្រាប់បម្រើឲ្យការស្រាវជ្រាវ និងអភិវឌ្ឍ និងជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងការចូលទីផ្សាររបស់វិស័យបច្ចេកវិទ្យា។ ក្នុងនោះកម្ពុជានឹងលើកទឹកចិត្តដល់វិស័យឯកជនឲ្យវិនិយោគកាន់តែច្រើនទៅលើការស្រាវជ្រាវ និងអភិវឌ្ឍផលិតផល និងដំណើរការផលិតកម្មបែបថ្មី, លើកទឹកចិត្តដល់កិច្ចសហការ ស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិរវាងសហគ្រាសឧស្សាហកម្ម វិទ្យាស្ថានស្រាវជ្រាវ និងសកលវិទ្យាល័យនានា ដើម្បីញ៉ាំងឲ្យមានការចែករំលែក និងការទទួលបានព័ត៌មាន និងបច្ចេកវិទ្យា និងការចូលក្នុងទីផ្សារ។

៣៖ ការបន្តពង្រឹងក្របខ័ណ្ឌស្ថាប័ន គោលនយោបាយ និងច្បាប់ដ៏រឹងមាំ៖ កម្ពុជា នឹងពង្រឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ស្តីពីកម្មសិទ្ធបញ្ញា បទប្បញ្ញត្តិពាក់ព័ន្ធ និងការកែលម្អក្របខ័ណ្ឌច្បាប់នានា ដើម្បីលើកទឹកចិត្ត និងជំរុញឲ្យសហគ្រិន និងអ្នកវិទ្យាសាស្ត្រនានា បង្កើត និងដាក់លក់ផលិតផលបច្ចេកវិទ្យា និងសេវាថ្មីៗទៀត កាន់តែច្រើន និងកាន់តែសកម្មផុលផុស។

៤៖ បំផុសការចូលរួមរបស់សធារណជនក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៖ ការបំផុសឲ្យមានការយល់ដឹងពីសារសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាទូទៅ តាមរយៈការបណ្តុះបណ្តាលទេពកោសល្យ ចំណេះដឹងអំពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលនឹងជួយលើកស្ទួយ និងការបង្កើនតម្លៃបន្ថែមខ្ពស់ដល់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីតកាលប្រជាពលរដ្ឋខ្មែរមានភាពរួសរាយរាក់ទាក់រកគ្នា និងស្និទ្ធស្នាលជាមួយគ្នា តែក្នុងសម័យបច្ចេកវិទ្យារីករាយចម្រើននេះភាពស្និទ្ធស្នាលជាមួយគ្នាត្រូវបានកាត់បន្ថយ។ សម្តេចកត់សម្គាល់ឃើញថា ក្នុងជំនួបផ្សេងៗមនុស្សបានចាប់ផ្តើមចាប់អារម្មណ៍ខ្លាំងលើទូរស័ព្ទ មិនបានចាប់អារម្មណ៍លើមនុស្សនៅជុំវិញខ្លួននោះឡើយ។

* សម្តេចតេជោ បានលើកឡើងថា កម្ពុជាត្រូវលើកស្ទួយវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឲ្យខ្លាំងក្លា ដើម្បីពន្លឿន និងពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច ឲ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងតំបន់ និងក្នុងពិភពលោកដោយស្មើភាព និងស្មើសិទ្ធិ។ ទោះបីយ៉ាងណាវិស័យបច្ចេកវិទ្យា នឹងមានបច្ច័យទាំងវិជ្ជាមាន និងអវិជ្ជាមានមកលើនយោបាយ សេដ្ឋកិច្ច និងសង្គម ដែលចាំបាច់ត្រូវគិតគូរឲ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។

* សម្តេចប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា បច្ចេកវិទ្យានឹងមានឥទ្ធិពលលើប្រព័ន្ធព័ត៌មានដែលអាចចែកចាយបានយ៉ាងរហ័ស និងអាចមិនមានការផ្ទៀងផ្ទាត់ ឬ ចាត់ថ្នាក់ត្រឹមត្រូវដែលនាំឲ្យកើតចលាចល គំរាមសន្តិសុខ និងអាចនាំដល់ការផ្លាស់ប្តូរតែក្នុងរយៈពេលខ្លីមិនបានព្រៀងទុកជាមុន។

* សម្តេចតេជោ បានថ្លែងថា ការរីកចម្រើនបច្ចេកវិទ្យានឹងជួយដល់កម្លាំងមនុស្សដោយការធ្វើស្វ័យប្រវត្តកម្ម និងដែលអាចធ្វើឲ្យផលិតភាពកើនឡើង ការកាត់បន្ថយការខូចខាត ហើយដែលនឹងបង្កើតនូវស្ថានភាពធុរកិច្ចថ្មីៗក្នុងសេដ្ឋកិច្ចថ្មីមួយ ដែលត្រូវបានហៅថា សេដ្ឋកិច្ចឌីជីថល។ ប៉ុន្តែទន្ទឹមនឹងនេះ បច្ចេកវិទ្យានឹងប៉ះពាល់ដល់វិស័យការងារ និងទាមទារសមត្ថភាពជំនាញកាន់តែខ្ពស់ និងកម្រិតវប្បធម៌មួយច្បាស់លាស់ជាងមុន។ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រួមចំណែកដល់ការកាត់បន្ថយនូវការប្រាស្រ័យដោយផ្ទាល់ ការរស់នៅដោយមានលក្ខណៈឯករាជ្យ ម្ចាស់ការ និងកែប្រែទម្លាប់ និងប្រពៃណីនៃការរស់នៅមួយចំនួនរបស់ប្រជាជន ដែលនឹងបង្កើតនូវសង្គមថ្មីមួយ ដែលត្រូវបានហៅថា សង្គឌីជីថល។

* សម្តេចតេជោ បានគូសបញ្ជាក់ថា ការរៀបចំបាននូវមូលដ្ឋាន និងថ្នាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏រឹងមាំមួយសម្រាប់ការចាប់យកឱកាស និងការគ្រប់គ្រងហានិភ័យ គឺជាកិច្ចការសំខាន់ដែលត្រូវយកចិត្តទុកដាក់ជារួម។

* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងធ្វើការជាមួយគ្នា ដើម្បីញ៉ាំងឲ្យគោលដៅប្រកបដោយមហិច្ឆតាក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្លាយជាការពិត ទប់ស្កាត់ផលអវិជ្ជមាន និងដើម្បីធានារក្សាសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៅប្រទេសកម្ពុជាឲ្យប្រកបដោយចីរភាព៕

 29176

 29177

 29178

 29173

 29172