រដ្ឋមន្ត្រីយុត្តិធម៌ ឡើងបំភ្លឺរឿងជាប់ទាក់ទងតុលាការ និងសិទ្ធិតំណាងរាស្ត្រ


Ang Vong 09 06 16 copy

     រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍនា នឹងត្រូវឡើងទៅបំភ្លឺផ្ទាល់មាត់ជូនរដ្ឋសភា នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះហើយ ជុំវិញការចង់ដឹងថា តើហេតុអ្វីបានជាតុលាការ មានសិទ្ធិកោះហៅសមាជិកសភាទៅបំភ្លឺ បើទោះបីជាមានអភ័យឯកសិទ្ធិក៏ដោយ ។

     យោងតាមលិខិតរបស់ឯកឧត្តមរដ្ឋមន្ត្រី ការបំភ្លឺនៅថ្ងៃនេះ នឹងមានក្រុមអ្នកជំនាញច្បាប់ចំនួន ៩នាក់ ផ្សេងទៀត ដែលនឹងអមទៅជាមួយក្នុងការចូលបំភ្លឺនៅម៉ោង ៨ព្រឹក ។ ការឡើងទៅបំភ្លឺនៅមុខរដ្ឋសភា គឺក្រោយស្ថានការណ៍ ដែលក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចេះតែយល់ថា តុលាការមិនអាចមានអំណាច កោះហៅអ្នកតំណាងរាស្ត្រ ដែលមានអភ័យឯកសិទ្ធិពិសេស ការពារខ្លួននោះឡើយ ។

     ការឡើងទៅបំភ្លឺនេះទៀត គឺនៅបន្ទាប់ពីប្រធានស្តីទី គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបន្តការទាត់ចោលដីកាបង្គាប់ខ្លួនតុលាការ ដែលបានកំណត់បង្ហាញខ្លួននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៦ ដោយការសំអាងដដែលៗថា អ្នកតំណាងរាស្ត្រមានអភ័យឯកសិទ្ធិការពារខ្លួន ។ ការឡើងទៅបំភ្លឺនេះ ត្រូវគេឃើញថា នៅបន្ទាប់ពីក្រុមអ្នកតំណាងរាស្ត្រប្រឆាំង បានស្នើរកការបកស្រាយពីមន្ត្រីរាជរដ្ឋាភិបាល ជុំវិញការចង់ដឹងអំពីច្បាប់នៃអំណាចតុលាការ ទៅលើសមាជិកសភាដែលមានអភ័យឯកសិទ្ធិការពារ ។

     ទោះជាយ៉ាងណាក៏ដោយ សមាជិកសភាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានប្រាប់អ្នកកាសែតថា ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមស្តាប់ប្រសាសន៍ របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍនា នៅរដ្ឋសភានាថ្ងៃទី៩ ខែមិថុនា នេះឡើយ ។ មន្ត្រីគណបក្សសង្គ្រោះជាតិបានថ្លែងដោះសារថា គេនៅរង់ចាំស្ថានភាពនយោបាយមានលក្ខណៈល្អប្រសើរនោះសិន ។