ឯកឧត្តម សុខ ឥសាន បានលើកឡើងថា នៅពេលនេះ ក៏ដូចជាពេលមុនៗដែរ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៏ពិសេស អសប ស្តីពីសិទ្ធិមនុស្សបានសន្និដ្ឋាន និងវាយតម្លៃប្រកបដោយអវិជ្ជមាន


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន តាមរយៈបណ្តាញទំនាក់ទំនង Telegram នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានលើកឡើងថា នៅពេលនេះ ក៏ដូចជាពេលមុនៗដែរ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៏ពិសេស អសប ស្តីពីសិទ្ធិមនុស្សបានសន្និដ្ឋាន និងវាយតម្លៃប្រកបដោយអវិជ្ជមាន ដែលមិនផ្សារភ្ជាប់ទៅនឹង ការពិតជាក់ស្តែងនៅកម្ពុជា ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ដោយលើកហេតុផល៥ចំណុចបញ្ជាក់ថា “ ១- ការចាប់ខ្លួន កឹម សុខា និងការហាមមនុស្ស១១៨ នាក់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ អាស្រ័យលើបទល្មើស របស់សាម៉ីជនផ្ទាល់ និងបង្ហាញភស្តុតាងដោយខ្លួនឯង មិនមានអ្នកដទៃណាបង្កើតឲ្យទេ ។ តើអាចលើកលែងឲ្យបានទេ អំពើក្បត់ជាតិ តើប្រទេសណាលើកលែង ឲ្យជនក្បត់ជាតិនោះ ? ការទាមទារចង់ឲ្យជនក្បត់ជាតិ បានរួចទោស មានន័យថាចង់បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ និងសេចក្តីសុខ របស់ប្រជាជនទូទាំងប្រទេស ។ ២-លំហរសេរីភាពរបស់អង្គការ សង្គមស៊ីវិលរាប់ពាន់ មានការបើកយ៉ាងទូលំទូលាយ  តែមានលក្ខណៈ តូចចង្អៀតសម្រាប់អង្គការមួយចំនួនតូច ដែលរំលោភច្បាប់និងអនុវត្ត មិនត្រឹមត្រូវតាមលក្ខន្តិកៈរបស់ខ្លួន” ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា “ ៣- សេរីភាពខាងការបញ្ចេញមតិ ត្រូវបានបើកទូលាយ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ តែត្រូវមានព្រំដែន មិនអាច ចេះតែធ្វើអ្វីតាមអំពើចិត្ត រហូតដល់ប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ និងដល់សន្តិសុខជាតិនោះទេ ។ ការកណត់សិទ្ធិបញ្ចេញមតិ ដោយច្បាប់មិនមែនជា ការរឹតបន្តឹង សិទ្ធិសេរីភាពនោះទេ ។ រដ្ឋមិនបានយកច្បាប់ដើម្បី គាបសង្កត់សិទ្ធិសេរីភាពពលរដ្ឋ និងអង្គសង្គមណាមួយឡើយ ។  ៤- ការប្រកានខ្ជាប់នីតិរដ្ឋ ដើម្បីការពារនិរន្តរភាព នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រជាធិបតេយ្យ បើគ្មាននីតិរដ្ឋទេនោះនឹងនាំដល់អនាធិបតដយ្យ ដែលនាំដល់សង្គមមួយច្របូកច្របល់ គ្មានសណ្តាប់ធ្នាប់ គ្មានវិន័យ” ។

អ្នកនាំពាក្យបក្សកាន់អំណាចបានបញ្ជាក់បន្ថែមទៀតថា “ ៥- ការធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់ទោសជនប្រមាថ ព្រះមហាក្សត្រគឺដើម្បីគោរព របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។ អ្នកប្រមាថព្រះមហាក្សត្រ គឺប្រមាថប្រជាជនទូទាំប្រទេស បើប្រមាថប្រជាជនទូទាំងប្រទេស គឺប្រមាថលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គឺឃ់ជាការប្រមាថរដ្ឋធម្មនុញ្ញ និងប្រមាថជាតិសាសន៏ខ្មែរ ។. បើសិនជានៅប្រទេសដទៃ គ្រាន់តែដើរជាន់ក្រដាស់ប្រាក់ ដែលមានរូបឆាយាលក្ខណ៏ព្រះមហាក្សត្រ ក៏ត្រូវជាប់ទោសដែរ” ៕