សម្តេចតេជោសែន ព្រមានកុំចាប់ CPP ដោះស្រាយរឿងបុគ្គលធ្វើខុស


HS 14 06 16 copy

     សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានគណបក្សសង្គ្រោះជាតិ ដោយមិនត្រូវចាប់គណបក្សប្រជាជនកម្ពុជា ដើម្បីមកទទួលខុសត្រូវលើបញ្ហាដែលបុគ្គល គណបក្សសង្គ្រោះជាតិ ធ្វើខុសច្បាប់ដោយខ្លួនឯងនោះទេ ។

     ប្រសាសន៍ព្រមានរបស់សម្តេច បានធ្វើឡើង ក្រោយរឿងអាស្រូវផ្លូវភេទរបស់បុគ្គល លោក កឹម សុខា ត្រូវបានមន្ត្រីគណបក្សសង្គ្រោះជាតិ កែកាឡៃថាជារឿងនយោបាយ និងទាមទារបង្ខំឱ្យគណបក្សប្រជាជនកម្ពុជា ចូលមកចរចាដើម្បីធ្វើការដោះស្រាយ បំបាត់រឿងដែលខុសច្បាប់នោះ ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតសកលវិទ្យាល័យភ្នំពេញថ្ងៃនេះ បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មិនត្រូវយកគណបក្សប្រជាជនកម្ពុជា ឱ្យទទួលខុសត្រូវលើបញ្ហានោះទេ ។

     សម្តេចតេជោសែន បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គ្មានសិទ្ធិនឹងជ្រៀតជ្រែកការងារតុលាការនោះទេ ។ សម្តេចបានបញ្ជាក់ថា ក្នុងករណីនេះ គឺបើកាលណាមានរឿងក្តីនៅតុលាការ គឺត្រូវយកមេធាវីមកដោះស្រាយតាមផ្លូវតុលាការ… ចំណែកគណបក្សប្រជាជនកម្ពុជា មិនអាចដោះស្រាយបានក្នុងរឿងនោះទេ ។

     លោក កឹម សុខា បានទាត់ចោលដីកាតុលាការចំនួន ២ដងរួចមកហើយ ដែលនាំឱ្យស្ថាប័នអយ្យការ ក្រោយមកបានធ្វើការចោទប្រកាន់ លោក កឹម សុខា ពីបទ «បដិសេធក្នុងការចូលខ្លួន»។ យោងតាមក្រមព្រហ្មទណ្ឌមាត្រា៥៣៨ បានចែងថា «រាល់បុគ្គលដែលត្រូវបានកោះហៅឱ្យមកឆ្លើយជាសាក្សី នៅមុខអយ្យការ ឬចៅក្រមស៊ើបសួរ ឬមុខតុលាការព្រហ្មទណ្ឌ ហើយមិនព្រមចូលខ្លួនតាមដីកាកោះហៅនោះ ដោយគ្មានមូលហេតុសមស្របទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែនិងពិន័យជាប្រាក់ពី ១សែន ទៅ ១លានរៀល ។

     លោក កឹម សុខា នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ត្រូវចៅក្រមស៊ើបសួរសាលាដំបូងរាជធានី បានចេញដីកាបង្គាប់មួយផ្សេងទៀត ដើម្បីឱ្យចូលខ្លួនក្នុងការសាកសួរដំណើររឿង «បដិសេធក្នុងការចូលខ្លួន»… ប៉ុន្តែគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់នៅថ្ងៃនេះថា លោក កឹម សុខា នឹងមិនចូលខ្លួនឆ្លើយបំភ្លឺនោះទេ ។ សម្តេចតេជោសែន ក្នុងប្រសាសន៍នៅថ្ងៃនេះបានបញ្ជាក់ថា បើល្មើសនឹងក្រមព្រហ្មទណ្ឌ៥៣៨ បុគ្គលនោះនឹងត្រូវរងការចាប់ខ្លួនហើយ ។