វិទ្យាស្ថានវិស្វកម្មនៃតំបន់រដ្ឋបាលពិសេសហុងកុងស្វែងយល់លើការវិនិយោគ និងកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

29977

(ភ្នំពេញ)៖ នៅក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈប្រតិភូវិទ្យាស្ថានវិស្វកម្មនៃតំបន់រដ្ឋបាលពិសេសហុងកុង បានបង្ហាញចំណាប់អារម្មណ៍លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទស្សនៈលើវិស័យសេដ្ឋកិច្ចជាមួយកម្ពុជា។

បើតាមលោក ថូម៉ាស ចាន់វុកឆឹង (Thomas Chan Kwok Cheung) ដែលជាប្រធានវិទ្យាស្ថានវិស្វកម្ម បានឲ្យដឹងថា វត្តមានរបស់លោក និងគណៈប្រតិភូ មកកាន់កម្ពុជាគឺដើម្បីស្វែងយល់ឲ្យបានច្បាស់ អំពីសក្តានុពលវិនិយោគសម្រាប់អ្នកជំនាញផ្នែកវិស្វកម្ម។ លើសពីនេះ គណៈប្រតិភូលោក​ ក៏មានបំណងផ្លាស់ប្តូរទស្សនៈលើវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងវិស័យវិស្វកម្ម។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក ថូម៉ាស និងគណៈប្រតិភូ និងបានជម្រាបជូនអំពីស្ថានភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូហុងកុង អំពីគម្រោងសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស និងក្នុងតំបន់ សំដៅបម្រើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ ដូចជាការកសាងទំនប់វារីអគ្គីសនី ស្ពាន ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងព្រលានយន្តហោះអន្តរជាតិ នៅក្រុងតាខ្មៅ, សៀមរាប និងកោះកុងជាដើម។

លោក ថូម៉ាស បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ សម្រាប់ការផ្តល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូរបស់លោក និងការចែករំលែកព័ត៌មានសំខាន់ៗ ទាក់ទិននឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក ថូម៉ាស បានសន្យានឹងនាំយកព័ត៌មានទាំងអស់នេះ ទៅផ្សព្វផ្សាយដល់វិស្វករ និងវិនិយោគិនហុងកុងឲ្យបានកាន់តែទូលំទូលាយ។

សូមបញ្ជាក់ថា ហុងកុងគឺជាដៃគូវិនិយោគលំដាប់ទី៣ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងជប៉ុន។ យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការវិនិយោគរបស់ហុងកុងនៅកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ មានចំនួន ២៤៤គម្រោង ស្មើនឹងទឹកប្រាក់សរុប ១,២៥ពាន់លានដុល្លារ ឬ ប្រហែល ២% នៃទុនវិនិយោគផ្ទាល់សរុបពីក្រៅប្រទេស។ ទន្ទឹមគ្នានេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ហុងកុង នៅក្នុងឆ្នាំ២០១៦ មានចំនួនជាង ៧៣០លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចេញទៅហុងកុងមានទឹកប្រាក់ ២១៣លានដុល្លារ និងនាំចូលពីហុងកុងមានទឹកប្រាក់ជាង ៥១៦លានដុល្លារ។

 29980

 29979

 29978

 29976

 29975

 29974

 29973

 29971

 29972