ឯកឧត្តម អ៊ិត សំហេង អនុញ្ញាតឲ្យឯកឧត្តម Jang Yung Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

30617

ក្នុងជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ ឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ចង់សិក្សាស្វែងយល់បន្ថែមទៀតពីស្ថានភាពថ្មីៗ វឌ្ឍនភាពនៃវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្ត និងការចែករំលែកនូវបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានមួយចំនួនពីគ្នាទៅវិញទៅមក។

មុននឹងជម្រាបជូនពីការវិវវត្តថ្មីៗ និងវឌ្ឍនភាពនៃវិស័យមួយនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសកម្មរបស់ឯកឧត្តម Jang Yung Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំកម្ពុជា ហើយក៍សូមអបអរសាទរ នូវសភាពការណ៍ចុងក្រោយ របស់កូរ៉េទំាងពីរ ដែលបានបង្កើតនូវទំនាក់ទំនងការជជែកចរចាគ្នា និងសង្ឈឹមថាបញ្ហាឧបទ្វិបកូរ៉េ នឹងមានស្ថានភាពធូរស្រាល ដែលជាការអំណោយផលនៅក្នុងតំបន់ក៍ដូចជាពិភពលោកទំាងមូលផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ និងកម្ពុជា ជាប្រទេសដែលមានទំនាក់ទំនងជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ជាពិសេសតាំងពីសម័យសង្គមរាស្ត្រនិយមដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ ព្រះ
បរមរតនកោដ្ឋ ហើយប្រទេសយើងទាំងពីរនៅតែរក្សាបាននូវចំណងមិត្តភាពដ៍ល្អនេះរហូតមកដល់ពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ជម្រាបជូន ទៅឯកឧត្តមអគ្គរដ្ឋទូត ថា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបន្តរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងអត្រា៧% ក្នុងមួយឆ្នាំ និងអត្រាមានការងារធ្វើ ៩៩,៣%។ ការរីកចំរើនទាំងនេះ គឺអាស្រ័យដោយសារការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេសយុទ្ធសាស្រ្តចតុដំណាក់កាលទី៣។ តាមរយៈការដាក់ចេញនូវគោលនយោបាយបន្ថែមទៀតនាពេលថ្មីៗនេះ រួមមានគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០២៥ ដោយក្នុងនោះបានកំណត់យុទ្ធសាស្រ្ត ដើម្បីធានាដំណើរការផ្លាស់ប្តូរកម្លាំងពលកម្មជំនាញផ្សេងៗ និងបង្កើនល្បើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដើម្បីឲ្យឈានទៅដល់ប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា ស្របតាមយុទ្ធសាស្ត្រចតុកោណជំហានទី៣ របស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលរយៈពេល៥ឆ្នាំ២០១៤-២០១៨ របស់ខ្លួន ដែលក្នុងនោះអាទិភាពទី១ គឺការអភិវឌ្ឍលក្ខខណ្ឌការងារ និង សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីធ្វើឲ្យប្រសើរទ្បើងនូវទំនាក់ទំនងវិជ្ជាជីវៈជាមួយគ្រប់ភាគីពាក់ព័ន្ធ បង្កើនផលិតភាព លក្ខខណ្ឌការងារល្អ ប្រាក់ឈ្នួលសមរម្យ មានសុខមាលភាព និងកិច្ចគាំពារសង្គមកាន់តែល្អប្រសើរ ព្រមទាំងការរក្សាបាននូវនិរន្តរភាពនៃវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងការ វិនិយោគ។ តាមរយៈការពង្រឹងការអុនវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើឱ្យកាន់តែប្រសើរឡើងនូវ ទី១-ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ទី២-ធានានូវសិទ្ធិសេរីភាពនៃអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងនិយោជក ទី៣-ជំរុញឱ្យមានសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ទី៤-រួមចំណែកក្នុងការបង្កើតការងារសមរម្យ និងទី-៥ បង្កើនផលិតភាពដើម្បីអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុសញ្ញាលេខ៨៧ និងលេខ៩៨ របស់អង្គការ ILO។

 30614

 30613

 30616

 30611

 30612

 30610

 30609

 30615