ក្រសួងមុខងារសាធារណៈបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ (២០១៣-២០១៨)និងលើកទិសដៅការងារ​ របស់វិស័យមុខងារសាធារណៈ ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា

31314

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេលប្រាំឆ្នាំ (២០១៣-២០១៨)និងលើកទិសដៅការងារ​ របស់វិស័យមុខងារសាធារណៈ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមកពីគ្រប់ក្រសួង ស្ថាប័ន ប្រធាន និងអនុប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រមាណ នាក់។ ក្នុងឳកាសនេះដែរ​ ឯកឧត្តមកិត្តិបណ្ឌិតបានមានប្រសាសន៍ទាក់ទងទៅនឹងប្រវត្តិនៃការងារកំណែទម្រង់រដ្ឋ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេ​ចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងប្រឈមមុខគ្រប់បែបយ៉ាងគ្រប់សមរភូមិទាំងក្នុងទាំងក្រៅប្រទេស ដោយប្តេជ្ញាចិត្តឥតងាករេក្នុងការធ្វើកំណែទម្រង់ប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង សេដ្ឋកិច្ចទីផ្សារ ដើម្បីដឹកនាំប្រទេសឈានទៅរកការកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

ក្នុងរយៈពេល៥ឆ្នាំនៃការអនុវត្តមុខងារនិងបេសកកម្មរបស់ខ្លួន ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាពដើម្បីជំរុញប្រសិទ្ធភាពការងារ ក្នុងវិស័យមុខងារសាធារណៈ ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនក៏មានការកើនឡើងមួយកម្រិតខ្ពស់ ហើយប្រាក់បៀវត្សអប្បរមាប្រចាំខែរបស់មន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងជាបន្តបន្ទាប់រហូតដល់ច្រើនជាង ១ លានរៀលក្នុងឆ្នាំ២០១៨នេះ ។
ក្រសួងមុខងារសាធារណៈ បាននិងកំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ ដែលតម្រូវឲ្យមានការប្រកួតប្រជែង ការវាយតម្លៃគុណភាពនិងសមត្ថភាព និង ការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់មន្រ្តីឆ្នើម ឬ អង្គភាពឆ្នើម ដើម្បីសម្រេចឲ្យបានសេវាសាធារណៈមួយប្រកបដោយគុណភាពខ្ពស់ ។ និយាយជារួម គឺយើងត្រូវដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយតម្រង់ឆ្ពោះទៅរកការគ្រប់គ្រងផ្អែកលើគុណផល ដែលត្រូវដើរស្របគ្នាជាមួយនឹងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺថវិកាផ្អែកលើសមិទ្ធកម្ម។
ការប្តេជ្ញាចិត្តរបស់ក្រសួងមុខងារសាធារណៈសម្រាប់នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលខាងមុខនេះ គឺបន្តខិតខំការគ្រប់គ្រងមុខងារសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីការពារអត្តប្រយោជន៍ជូនមន្ត្រីរាជការ និងលើកកម្ពស់ជីវភាពកាន់តែប្រសើរសម្រាប់ការរស់នៅ។

 31315

 31313

 31314

 31312