ក្បាច់គុណខ្មែរ ៣ប្រភេទ ដាក់បញ្ជូលហាត់ក្នុងកងទ័ព


Khmer Art 22 06 16 2 copy

     ក្បាច់គុនបុរាណខ្មែរចំនួន ៣ប្រភេទ នឹងត្រូវចុះកិច្ចព្រមព្រៀងដាក់បង្រៀនកងទ័ពជាតិកម្ពុជា ដែលជាប្រវត្តិសាស្រ្តលើកដំបូងបំផុត ក្នុងគោលបំណងអភិរក្សវប្បធម៌ក្បាច់គុណបុរាណខ្មែរឲ្យបានល្អ ។

     អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ការចុះអនុស្សារណៈនៃការយោគយល់កិច្ចសហការរៀបចំចងក្រង និងបណ្តុះបណ្តាលក្បាច់គុណ ដល់កងយោធពលខេមរភូមិន្ទ នឹងធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមិថុនា នេះ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា… អនុប្រធានគណៈកម្មការរៀបចំក្បាច់គុណ នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងមន្ត្រីពាក់ព័ន្ធនានាឯទៀត នឹងអញ្ជើញចូលរួមក្នុងពិធីនោះ ។

     លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្រោយពីចុះអនុស្សារណៈរួច គឺគ្រូក្បាច់គុណទាំងអស់ នឹងបណ្តុះបណ្តាលគ្រូបង្គោលរបស់កងទ័ព ហើយគ្រូបង្គោលរបស់កងទ័ព នឹងទៅបង្ហាត់តាមគ្រប់កងពលយោធាទាំងអស់ទូទាំងប្រទេស ។ សម្តេចតេជោ ហ៊ុន សែន កាលពីខែមេសា ក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប បានមានប្រសាសន៍អំពាវនាវឲ្យយុវជនខ្មែរជំនាន់នេះ ចូលរួមការពារ និងហ្វឹកហាត់ក្បាច់គុន ដើម្បីចែករំលែកសម្រាប់យុវជនខ្មែរជំនាន់ក្រោយ ។

     លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅនេះ បានបញ្ជាក់ក្នុងសិក្ខាសាលាស្តីពីគុណតម្លៃល្បុក្តតោ ក្នុងសង្គមវប្បធម៌ខ្មែរថា ល្បុក្កតោ នឹងក្លាយទៅជាក្បាច់គុនមួយ ដែលសម្រាប់យកទៅហ្វឹកហាត់ក្នុងជួរកងទ័ព នឹងនៅតាមគ្រឹះស្ថានអប់រំកាយកីឡាមួយចំនួន ព្រោះជាអត្តសញ្ញាណកីឡាវប្បធម៌របស់ជាតិ ។ លោកបានបញ្ជាក់ថា ទោះបីជាវិទ្យាសាស្ត្រ ឬបច្ចេកទេសអាវុធ មានការជឿលឿនដល់កម្រិតណាក៏ដោយ ប៉ុន្តែក្បួនទាហានត្រូវតែចេះវិជ្ជាគុនជារឿងចាំបាច់ ដែលលោកត្រូវប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យក្បច់គុន ល្បុក្កតោ មានការហ្វឹកហាត់នៅក្នុងជួរកងទ័ព ។

     ប្រវត្តិសាស្រ្តកម្ពុជាបានសរសេរថា ក្បាច់គុណល្បុក្កតោខ្មែរ មានប្រវតិ្តជាពូជអ្នកចំបាំង ពូជអ្នកប្រយុទ្ធ និងពូជអ្នកគុននិយមតាំងពីបុរាណកាល ។ បើតាមកំណត់ត្រា លោក ជីវ តាក្វាន់ បានបញ្ជាក់ថា ខ្មែរពូកែច្បាំង ពិសេសវីរៈមហាក្សត្រខ្មែរ សុទ្ធសឹងជាអ្នកខ្លាំងពូកែធ្វើសឹកសង្គ្រាម ។

Khmer Art 22 06 16 3 copy

Khmer Art 22 06 16 4 copy