ឯកឧត្តម សុខ ឥសាន បានថ្លែងបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា គឺជាមេដឹកនាំប្រទេស ដែលប្រើការចរចាច្រើនជាងគេលើពិភពលោក


ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តម សុខ ឥសាន មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ដឹកនាំរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា គឺជាមេដឹកនាំប្រទេស ដែលប្រើការចរចាច្រើនជាងគេលើពិភពលោក ក្នុងការស្វែងរកការផ្សះផ្សារជាតិ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

តាមរយៈបណ្តាញសង្គមតេឡេក្រាម ឯកឧត្តម សុខ ឥសាន បានគូសបញ្ជាក់ថា បើតាមប្រវត្តិសាស្ត្រជាក់ស្តែង នៅកម្ពុជា សម្តេចតេជោហ៊ុន សែន គឺជាមេដឹកនាំប្រទេស ដែលប្រើការចរចាច្រើន ជាងគេនៅលើពិភពលោក ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ គេអាចប្រៀបធៀប ការចរចារបស់សម្តេច ដូចសម្តេចហូបអំបិល ច្រើនជាងអតីតមេបក្សប្រឆាំងហូបបាយទៅទៀត ។

ឯកឧត្តម សុខ ឥសាន បានសរសេរទៀតថា សម្តេចតេជោ បានដាក់ចេញនូវនយោបាយ បង្រួបបង្រួមជាតិចរចា រហូតបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ។ លើសពីនេះ សម្តេចតេជោ ក៏បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យខ្មែរក្រហមត្រូវរលំរលាយ ទាំងអង្គការចាត់តាំងនយោបាយ និងយោធា នាំមកនូវសន្តិភាពពេញលេញ ជូនប្រទេសជាតិ នាខែ ធ្នូ ឆ្នាំ ១៩៩៨ ដែលចូលដំណាក់កាលប្រវត្តិសាស្រ្តថ្មី នៃសន្តិភាពនិងការឯកភាពជាតិទាំងមូល មិនធ្លាប់មានពីមុនមករាប់រយឆ្នាំ បើកឱកាសឲ្យកម្ពុជាកសាង និងអភិវឌ្ឈន៏ប្រទេស រីកចម្រើនដូចសព្វថ្ងៃ ។

បន្ថែមពីលើនេះ មន្រ្តីនាំពាក្យ បក្សកាន់អំណាចរូបនេះ បានបញ្ជាក់បន្ថែមថា ដោយឡែកជាមួយអតីតបក្សប្រឆាំង សម្តេចតេជោបានព្យាយាមកសាង និងរក្សាវប្បធ៌មសន្ទនា ដើម្បីការស្រុះស្រួលជាតិ ទទួលបានលទ្ធផលគួរឲ្យប្រជាជនកម្ពុជា ស្វាគមន៍និងរីករាយ ក៏ប៉ុន្តែត្រូវទណ្ឌិត សម រង្ស៊ី ព្យាយាមបំផ្លាញជាបន្តបន្ទាប់ រហូតដល់វប្បធ៌មនេះស្លាប់បាត់តែម្តង ។

ឯកឧត្តម សុខ ឥសាន ថា “ដូច្នេះ មានតែសម្តេចតេជោ ហ៊ុន សែន ទេដែលជាអ្នកបានបង្កើត វប្បធ៌មសន្ទនា និងព្យាយាមថែរក្សាឲ្យបានគង់វង្ស តែទណ្ឌិត សម រង្សី ទេដែលតែងតែព្យាយាម បំផ្លាញវប្បធ៌មសន្ទនានេះចោល ប៉ុន្តែគួរឲ្យហួសចិត្តណាស់ នៅពេលទឹកដល់ច្រមុះហើយ ទើបសម រង្ស៊ី ធ្វើឯងដូចជា ស្នេហាវប្បធ៌មសន្ទនានេះណាស់ ហួសពេលហើយអូន”។

សូមបញ្ជាក់ជូនថា  វប្បធម៌សន្ទនា បានបង្កើតដោយប្រមុខ ដឹកនាំបក្សនយោបាយធំទាំងពីរនៅកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី អតីតប្រធានបក្សប្រឆាំង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ តែត្រូវបានបែកបាក់ទៅវិញ កាលពីចុងឆ្នាំ២០១៥ ព្រោះតែសង្រ្គាមស្វែងរកប្រជាប្រិយភាព ពោលគឺវប្បធម៌សន្ទនានេះ ត្រូវបានបំផ្លាញចោល ដោយក្រុមបក្សប្រឆាំង។ ផ្តើមចេញពីការវាយប្រហារជាបន្តបន្ទាប់ បានធ្វើឲ្យវប្បធម៌សន្ទនា រវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៊ី ឈានដល់ការប្រេះឆា និងត្រូវសន្មត់បិទបញ្ចប់ទាំងស្រុង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាថ្ងៃដែលលោក សម រង្ស៊ី បានរត់ចេញពីប្រទេសកម្ពុជា គេចចេញពីការតាមចាប់ខ្លួន របស់សមត្ថកិច្ចក្នុងសំណុំរឿង បរិហារកេរ្តិ៍ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រហូតដល់បច្ចុប្បន្ននេះ។

បន្ទាប់ពីបាត់ដង្ហើម អស់រយៈពេលជាង៣ឆ្នាំនេះ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអតីតបក្សប្រឆាំងបានប្រឹងប្រែង ស្វែងរកការចរចារជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីដោះស្រាយបញ្ហានយោបាយ តែត្រូវបានទាត់ចោល ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពោលគឺគ្មានឡើយ ការចរចានយោបាយ និងគ្មានអន្តរជាតិណាមកជួយបានឡើយ៕