ឯកឧត្តម សុខ ឥសាន បានលើក ថាគ្រាន់តែទីប្រឹក្សាជាន់ខ្ពស់នាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ស្រាប់តែទណ្ឌិតសម រង្ស៊ី បង្ហាញពីអាកប្បកិរិយាជ្រួលជ្រើមចង់ចរចា


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន​ បានលើកឡើងនៅព្រឹក ថ្ងៃទី២៦ ខែមីនា   ឆ្នាំ ២០១៨ ថាគ្រាន់តែទីប្រឹក្សាជាន់ខ្ពស់នាយករដ្ឋមន្ត្រីជប៉ុន ចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន និងសាកសួរពីស្ថានការណ៏នយោបាយកម្ពុជាពាក់ព័ន្ធនឹងវប្បធ៌មសន្ទនានោះ ស្រាប់តែទណ្ឌិតសម រង្ស៊ី បង្ហាញពីអាកប្បកិរិយាជ្រួលជ្រើមចង់ចរចា ព្រមទាំអនិយាយហាក់ដូចជាមានក្តីសង្ឃឹមដ៏តិចតួចថាជប៉ុនគឺជាអាជ្ញាកណ្តាលមួយក្នុងការសម្របសម្រួលឲ្យមានការចរចា ។

ឯកឧត្តម សុខ ឥសានបានលើកឡើងបែបនេះក្រោយពីអតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានសម្ដែងការ មិនយល់ពីមូលហេតុ ដែលរដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់ជំនួយមកដល់ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈជប៉ុនបានស្នើឲ្យមាន ជំនួបចរចា រវាងសម្តេចតេជោ និង លោក សម រង្ស៊ី ។

ការលើកឡើងរបស់លោក សម រង្ស៊ី បន្ទាប់ពីទីប្រឹក្សារបស់នាយករដ្ឋមន្រ្តីជប៉ុន បានសួរនាំសម្តេចតេជោអំពីលទ្ធភាពនៃការចរចាជាមួយអតីតគណបក្សសង្រ្គោះជាតិ ដើម្បីឈានទៅដល់ការបោះឆ្នោត ថ្នាក់ជាតិនាពេលខាងមុខ ប៉ុន្តែសម្តេចតេជោបានទាត់ចោលព្រោះសម្តេច​ បានបរាជ័យជាច្រើនដងមកហើយ អំពីវប្បធម៌សន្ទនា ជាមួយ លោក សម រង្ស៊ី។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមបណ្ដាញទំនាក់ទំនតេលេក្រាមបន្តទៀតថា  ទន្ទឹមនឹងនេះ ទណ្ឌិត សម រង្ស៊ី បែរជាខកចិត្តយ៉ាងខ្លាំង​ ដែលជប៉ុននៅតែបន្តផ្តល់ជំនួយមកឲ្យគ.ជ.បដើម្បីការបោះឆ្នោតនាពេលខាងមុខអាចដំណើការដោយរលូន ។

ឯកឧត្តម សុខ ឥសាន បានបន្តទៀតថា”ជប៉ុនបានបញ្ជាក់ជំហររបស់ខ្លួនរួចហើយថាមិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាឡើយហើយនៅតែបន្តជួយជ្រោមជ្រែងកម្ពុជាតទៅទៀតទោះបីប្រទេសលោកខាងលិចមួយចំនួនផ្តាច់ជំនួយមកឲ្យកម្ពុជាក្តី ។ដូច្នេះ ការស្លរឈាមរបស់ ទណ្ឌិតសម រង្សី ចង់មានការចរចានោះ ត្រូវបរាជ័យជាថ្មីទៀត ទោះបីមានសង្ឃឹមតិចតួចលើជប៉ុនក្តី “។

សូមរំលឹកថា  អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់កាលពីថ្ងៃទី២៥មីនាថា ហិបឆ្នោតដែលជប៉ុននឹងផ្តល់មក​​ គ.ជ.ប មានជាង១០០០០ហិប ស្មើនឹងថវិកាប្រមាណ៥លានដុល្លារនោះ ហើយថវិកានៅសល់ ២លាន៥សែនដុល្លារទៀត ជប៉ុននឹងផ្តល់ជាសម្ភារៈផ្សេងៗទៀត រួមទាំងរថយន្តផងដែរ។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងធ្វើឡើងតាមការគ្រោងទុក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ៕