ឯកឧត្តមផៃ ស៊ីផាន បានឲ្យដឹងថា កម្ពុជាយល់ឃើញ និងគោរពការទទួលស្គាល់នៃធម្មនុញ្ញ របស់អង្គការ សហប្រជាជាតិ ដែលផ្តល់សិទ្ធពេញលេញ និងគោរពអធិបតេយ្យភាព សមាជិករបស់ខ្លួន


ភ្នំពេញ ៖ ក្រោយពីមានសេចក្ដី ថ្លែងការណ៍រួម របស់ប្រទេសមួយ ចំនួនជាសមាជិក ក្រុមប្រឹក្សា សិទ្ធមនុស្ស ទីក្រុងហ្សឺណែវ ដាក់សម្ពាធ និងឈ្លានពានកម្ពុជាឯកឧត្តម  ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានឆ្លើយតបវិញថាការទាមទារដាក់កំហិតដល់តុលាការកម្ពុជា និងរដ្ឋាភិបាលកម្ពុជា គឺចាត់ទុកជាការឈ្លានពាន និងរំលោភលើកម្ពុជាទាំងស្រុង ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ ឯកឧត្តមផៃ ស៊ីផាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា កម្ពុជាយល់ឃើញ និងគោរពការទទួលស្គាល់នៃធម្មនុញ្ញ របស់អង្គការ សហប្រជាជាតិ ដែលផ្តល់សិទ្ធពេញលេញ និងគោរពអធិបតេយ្យភាព សមាជិករបស់ខ្លួន ។

ឯកឧត្តមបន្ដថា អង្គការសហប្រជាជាតិ បានផ្តល់កិច្ចគាំពារ និងទទួលស្គាល់ ជាផ្លូវការ នូវសិទ្ធិ ស្វ័យសម្រេច ដែលជាអធិបតេយ្យភាពរបស់សមាជិក របស់ខ្លួន ។ តុលាការកម្ពុជាតំណាងដោយផលប្រយោជន៍របស់ប្រជារាស្រ្ត និងអធិបតេយ្យភាពរបស់កម្ពុជា ដែល មិនមានបុគ្គលិកណា ឬក្រុមណា នៅថ្នាក់ជាតិ ឬអន្តរជាតិ មករំលោភបំពាន បានឡើយ។

ឯកឧត្តមថ្លែងថា “ដូចនេះការទាមទារដាក់កំហិត ដល់តុលាការកម្ពុជា និងរដ្ឋាភិបាលកម្ពុជា នៅក្នុងរូបភាពណាមួយនោះគឺចាប់ទុកថា ជាការឈ្លានពាន និងរំលោភលើកម្ពុជា ទាំងស្រុង ។ កម្ពុជាមិនមែនរដ្ឋចំណុះនៃភាពអាណានិគម របស់ក្រុមបរទេសណាមួយនោះឡើយ ត្បិត កម្ពុជាមានសិទ្ធិគ្រប់គ្រាន់ក្នុងកិច្ចធានា និងរក្សានូវភាពស្របច្បាប់របស់ខ្លួន ”។

អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី បានបន្ថែមថា ការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ គឺជាការប្ដេជ្ញារបស់កម្ពុជាក្នុងកិច្ចគោរព និង រក្សាគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្សក្នុងការបោះឆ្នោត ដោយទៀងទាត់តាមដែន កំណត់នៃច្បាប់ បោះឆ្នោតនិងច្បាប់ស្ដីពីគណបក្សនយោបាយនេះ ជាអទិភាពរបស់កម្ពុជា ប្រជាពលរដ្ឋខ្មែរ វាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត និងអាជ្ញាធររដ្ឋដ៏ទេទៀត ដែល ពាក់ព័ន្ធនៃដំណើរការការបោះឆ្នោតនេះ នោះរាប់ទាំងយន្តការណ៍ និងសេចក្ដីសម្រេច លទ្ធផលនៃការបោះឆ្នោត។

ឯកឧត្តមបន្ដថា ពិភពលោកស្គាល់កម្ពុជាច្បាស់ថា ជាប្រជាជាតិ ស្រលាញ់ សន្តិភាព និងសហ ប្រតិបត្តិការ ជាមួយនឹងប្រជាជាតិដ៏ទៃក្នុងលោក មិនប្រកាន់ព័ណ៌សម្បុរ ឬនិន្នាការ នយោបាយ ណាមួយឡើយ។ កម្ពុជានៅតែវាយតម្លៃខ្ពស់នៅរាល់កិច្ចសហការ ទាំង វិស័យសង្គមកិច្ច នយោបាយ និងពាណិជ្ជកម្ម។កម្ពុជាប្រឆាំងដាច់ខាតរាល់អំពើ និងសកម្មភាព ភេរវកម្ម  កម្ពុជាមានជំហរច្បាស់លាស់ដាច់ខាត ចង់បានពីភពលោករស់នៅយ៉ាងសុខសាន្ត និងសន្តិភាពប្រាសចាកពីការប្រើប្រាស់អាវុធប្រល័យលោក និងអរិភាពគ្រប់បែបយ៉ាង ។

សូមរំលឹកថា លោក ណី សំអុល  ឯកអគ្គរាជទូត តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំមន្ទីរអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិនានា ទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ រួមប្រឆាំងនឹងកម្ពុជា ដែលថ្លែងដោយណូវែលហ្សេទ្បង់ដ៏ នាសម័យប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ទីក្រុងហ្សឺណែវ ដោយច្រានចោលទាំងស្រុង នូវសេចក្ដីថ្លែងការណ៍ ដែលមានចរិកនយោបាយ បែបនេះ ដែលបង្កប់ទៅដោយបំណងអាក្រក់ ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល កម្ពុជា ក្នុងការថែរក្សា ការពារច្បាប់និងសណ្ដាប់ធ្នាប់ក្នុងការលើកកម្ពស់ សន្តិភាព សិ្ថរភាព និងការអភិវឌ្ឍន៍ សម្រាប់ប្រជាពលរដ្ឋទាំងមូល៕