ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ជនបរទេសខ្លះ មានមតិញុះញង់ឲ្យប្រជាជនកម្ពុជា ងើបឡើងប្រឆាំង នឹងរដ្ឋអំណាច របស់ ប្រទេស ដោយមិនគិតពីការប្រកួតប្រជែង តាមលទ្ធិប្រជាធិបតេយ្យគឺមិនអាចទៅរួចនោះទេ


ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ជនបរទេសខ្លះ មានមតិញុះញង់ឲ្យប្រជាជនកម្ពុជា ងើបឡើងប្រឆាំង នឹងរដ្ឋអំណាច របស់ ប្រទេស ដោយមិនគិតពីការប្រកួតប្រជែង តាមលទ្ធិប្រជាធិបតេយ្យគឺមិនអាចទៅរួចនោះទេ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនង តេឡេក្រាម នៅព្រឹកថ្ងៃទី២ ខែមេសា នេះថា”អនុសាសន៏ដែលបានផ្តល់និងពិភាក្សា ហាក់ដូចជាគ្មានអ្វីប្លែក ពីមតិ ដែលធ្លាប់លើកឡើងក្នុងការវិភាគកន្លងទៅទេ។ ម៉្យាងទៀត ជនបរទេសខ្លះ បានមាន មតិញុះញង់ឲ្យប្រជាជនកម្ពុជាងើបឡើង ប្រឆាំងនឹងរដ្ឋអំណាចរបស់ប្រទេស ដោយមិន គិតពីការប្រកួតប្រជែង តាមលទ្ធិប្រជាធិបតេយ្យឡើយ”។

ឯកឧត្តម បន្តទៀតថា ប៉ុន្មានថ្ងៃកន្លងទៅនេះ មានអស់លោកដែលអួតខ្លួនថា ជាអ្នកជំនាញកម្ពុជា បានជួបជុំគ្នា នៅទីក្រុងមែលបិន ប្រទេសអូស្ត្រាលី ដើម្បីធ្វើអ្វីដែលពួកគេហៅថា ពិភាក្សា អំពីអនាគតរបស់កម្ពុជា ចាប់ពីឆ្នាំ២០១៨ តទៅ  ។ បើតាមការផ្សាយរបស់វិទ្យុបរទេស និយាយ ភាសាខ្មែរខ្លះ ក្នុងកម្មវិធីនេះ មានប្រមូលផ្តុំគ្នាដោយអ្នកមាននិន្នាកានយោបាយ ប្រឆាំង មួយចំនួនពីកម្ពុជា និងរួមផ្សំដោយជនបរទេសមួយចំនួនផង។

ឯកឧត្តម សុខ ឥសាន បានលើកឡើងទៀតថា រឿងមានលក្ខណៈសាមញ្ញសោះ តែបែរជានាំគ្នា ធ្វើពិបាកទៅវិញ? បើអស់លោក លោកស្រីមានប្រាជ្ញាឈ្លាសវៃ មានទស្សនវិស័យភ្លឺថ្លា សម្រាប់ដឹកនាំប្រទេសទៅរកអនាគតភ្លឺស្វាងនោះ ហេតុដូចម្តេចមិនប្រមូលគ្នាបង្កើត គណបក្ស នយោបាយ ហើយចុះឈ្មោះ ប្រកួតប្រជែងបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យទៅ? ហើយបើឈ្នះការបោះឆ្នោតអស់លោកនឹងបានដឹកនាំប្រទេសដោយស្របច្បាប់ ស្របតាមឆន្ទៈ របស់ ប្រជាជនកម្ពុជាដែលបានបោះឆ្នោត គាំទ្រអស់លោក លោកស្រីហើយ ។ នេះហើយហៅថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេស លើពិភពលោក ដែរ។

អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា “បើគ្រាន់តែជិះយន្តហោះ ទៅប្រជុំផ្តល់អនុសាសន៍ ញុះញង់ឲ្យប្រជាជនបះបោរផ្តួលរំលំរដ្ឋអំណាចនោះ អត់បានប្រយោជន៍ស្អីទេ សម្រាប់ប្រទេស ជាតិ ។ផ្ទុយទៅវិញនឹងបានតែផលវិបាកនៃទង្វើល្មើសច្បាប់ប៉ុណ្ណោះ”៕