អ្នកគាំទ្រ CNRP នៅសហរដ្ឋអាមេរិក ស្នើឲ្យ លោក សម រង្ស៊ី ត្រូវហ៊ានជាប់គុកតាមគំរូលោកស្រី អ៊ុង សានស៊ូជី


Rangcy 24 06 16

     បុរសវ័យចំណាស់ម្នាក់ ដែលជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក បានស្នើឲ្យ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ យកគំរូតាម លោកស្រី អ៊ុង សាន់ស៊ូជី ប្រធានាធិបតីមីយ៉ាន់ម៉ា ត្រូវហ៊ានជាប់គុកមិនរត់ចោលស្រុក រហូតរាល់មានការប្រឈម នឹងច្បាប់នោះទេ។

     សំណើជាលើកដំបូងរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ឲ្យ លោក សម រង្ស៊ី ហ៊ានប្រឈមមុខនឹងច្បាប់នេះ បានធ្វើឡើងក្នុងជំនួបសំណេះសំណាលមួយ រវាង លោក សម រង្ស៊ី និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៩ ខែមិថុនា ២០១៦ ដែលទើបផ្សាយនៅថ្ងៃនេះ ។

     តាមរយៈវីដេអូដែលបានបង្ហោះលើទំព័រ Facebook របស់ លោក សម រង្ស៊ី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៦ នេះ បុរសវ័យចំណាស់ជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិរូបនេះ បានលើកឡើងថា មានសំណួរគេចោទសួរថា «លោកប្រធានឲ្យតែមានបញ្ហា លោកចេញមកក្រៅស្រុក គេចាប់ដាក់គុក លោកប្រធានរត់ចេញមក ។ ដូចភូមាអីចឹង អ្នកស្រី អ៊ុងសាន ស៊ូជី សុខចិត្តជាប់គុក មិនដូច លោក សម រង្ស៊ី» ។

     បន្ទាប់ពីបានលើកជាសំណួរ អ្នកគាំទ្រវ័យចំណាស់រូបនេះ ក៏បានស្នើសុំ លោក សម រង្ស៊ី កុំរត់ចោលគុកទៀត ត្រូវក្លាហានហ៊ានជាប់គុក ។ អ្នកគាំទ្របានស្នើថា «កុំរត់ចោលគុក ក្លាហានជាប់គុក ឲ្យគេរកខុសត្រូវ»

     ឆ្លើយតបនឹងសំណួរ និងការសំណូមពរនេះ លោក សម រង្ស៊ី បានបញ្ជាក់ថា ការរត់ចោលស្រុករបស់លោក គឺជាការប្រើយន្តការតស៊ូក្រៅប្រទេស មិនមែនជាការកំសាករបស់លោកនោះឡើយ ។ លោក សម រង្ស៊ី ក៏ស្នើឲ្យអ្នកគាំទ្រកុំប្រៀបធៀបរូបលោក ជាមួយលោកស្រី អ៊ុងសាន់ ស៊ូជី ប្រធានាធិបតីមីយ៉ាន់ម៉ាផងដែរ ។

     សូមជំរាបថា លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានគេដឹងថា ជាមេបក្សនយោបាយមួយរូប ដែលបានរត់គេចខ្លួនចេញទៅក្រៅប្រទេស រាល់ពេលមានការចោទប្រកាន់ពីតុលាការកម្ពុជា ដើម្បីគេចចេញពីការផ្តន្ទាទោស ។ លោកបានវិលចូលមកប្រទេសកម្ពុជាវិញ នៅមុនពេលបោះឆ្នោត កាលពីឆ្នាំ ២០១៣ បន្ទាប់ពីបានរត់គេចខ្លួនអស់ជាច្រើនឆ្នាំ គេចពីសំណុំរឿងដកបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម លេខ១៨៥ នៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ លោក សម រង្ស៊ី បានរត់គេចចេញទៅក្រៅប្រទេសជាថ្មីម្តងទៀត កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅនេះ បន្ទាប់ពីតុលាការសម្រេចផ្តន្ទាទោសរូបលោក ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង