ឯកឧត្តម សុខ ឥសាន បានបង្ហាញនូវទស្សនៈ នៃការយល់ឃើញ របស់ប្រជាពលរដ្ឋខ្មែរទូទៅ បូករួមទាំងសមាជិក និងសកម្មជន មិនឃើញគណបក្សប្រឆាំង ឈ្នះឆ្នោត ឡើងកាន់ អំណាចទេ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន ដែលកំពុងគ្រប់គ្រងអំណាច នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ បានបង្ហាញនូវទស្សនៈ នៃការយល់ឃើញ របស់ប្រជាពលរដ្ឋខ្មែរទូទៅ បូករួមទាំងសមាជិក និងសកម្មជន អតីតគណបក្សសង្រ្គោះជាតិ ផងដែរថា មិនឃើញគណបក្សប្រឆាំង ឈ្នះឆ្នោត ឡើងកាន់ អំណាចទេ។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គម តេឡេក្រាម ឯកឧត្តម សុខ ឥសាន បានចាប់អារម្មណ៍ថា “ដោយមើលឃើញ គោលនយោបាយ និងអាកប្បកិរិយា ព្រមទាំងវប្បធម៌ សកម្មភាព របស់អតីតមេ បក្ស ប្រឆាំង នៅក្នុងការប្រកួតប្រជែង នយោបាយកន្លងមក គេកត់សម្គាល់ឃើញថា អតីតមេបក្សប្រឆាំង គ្មានគោល នយោបាយ ច្បាស់លាស់ ក្នុងការដឹកនាំ បម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា ដោយស្មោះស្ម័គ្រទេ គឺទណ្ឌិតសម រង្ស៊ី មានខួរក្បាលពោរពេញ ទៅដោយគំនុំ គុំគួន ការសងសឹក និងចងអាឃាត ជាមួយថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជានិច្ច” ។

ឯកឧត្តម បានលើកឡើងទៀតថា “ការធ្វើនយោបាយបាយ របស់ទណ្ឌិត សម រង្ស៊ី ដើម្បីតែកំចាត់កំចាយ ដៃគូប្រកួត ចង់ផ្តួលរំលំ ដោយរំលង គោលការណ៍ លទ្ធិប្រជាធិបតេយ្យ យ៉ាងជាក់ស្តែង ដែលប្រជាជនកម្ពុជា គ្រប់រូប បានដឹងនិងឃើញ យ៉ាងប្រទ្យក្សនឹងភ្នែក ច្រើនឆ្នាំមកហើយ ។  អាស្រ័យហេតុនេះហើយ បានជា ប្រជាជនកម្ពុជា ភាគច្រើនលើសលុប បានសម្តែងឆន្ទៈថា មិនចង់ឲ្យទណ្ឌិត សម រង្ស៊ី បានឈ្នះឆ្នោត បានកាន់អំណាចទេ ។ ពីព្រោះ ទណ្ឌិត សម រង្ស៊ី ជាមនុស្សអត្តទត្ថបុគ្គល អត្តនោម័ត ធ្វើអ្វី សម្រេចអ្វី តាមអំពើចិត្ត មិនស្តាប់ សមូហភាព ឬសហការីណា ទាំងអស់ ។ សមាជិក ណាធ្វើតាមខ្លួន សុទ្ធតែជាជនស្នេហាជាតិ ជាវីរបុរស តែបើមិនធ្វើតាមខ្លួន ឬប្រឆាំងនឹងខ្លួន ជននោះនឹងក្លាយ ទៅជាជនក្បត់បក្សភ្លាម ជាជនលក់ក្បាល ឲ្យបក្សដទៃ ឬលក់ក្បាល ឲ្យយួនជាមិនខាន” ។

ឯកឧត្តម សុខ ឥសាន បន្តថា “ដោយសារអត្តចរិត អត្តនោម័តផ្តាច់ការ និងដឹកនាំ មិនឈរលើគោលការណ៍ ច្បាស់លាស់យ៉ាងនេះ ហើយ បានជាគ្មាននរណា ចង់ឲ្យបក្សរបស់ សម រង្ស៊ី បានឈ្នះឆ្នោតទេ ។ គេថាបើសិនបក្ស របស់ទណ្ឌិត សម រង្ស៊ី បានឈ្នះឆ្នោត មែននោះ ប្រទេសជាតិកម្ពុជា នឹងត្រូវវឹកវរ ចលាចល និងអន្តរាយជាមិនខាន ។ ហេតុនេះ បានជាគ្មាននរណា ចង់ឲ្យអតីតបក្សប្រឆាំង របស់ទណ្ឌិត​ សម រង្ស៊ី ឈ្នះឆ្នោតទេ ។  ទោះបីលោក ជុន ច័ន្ទបុត្រ ដែលជាសកម្មជន របស់ សម រង្ស៊ី ក៏មិនចង់ឃើញទណ្ឌិត សម រង្ស៊ី បានឈ្នះឆ្នោត ឡើងកាន់អំណាចដែរ”៕