ឯកឧត្តម សុខ ឥសានការអំពាវនាវឲ្យមានព្រះអន្តរាគមន៍ដល់ ព្រះមហាក្សត្រកម្ពុជា ជុំវិញ អ្វីដែលគេហៅថា កម្ពុជា មានវិបត្តិនយោបាយ នោះ ថាជាការរំខាន និងមិនអាចទទួលយកបាន


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច ឯកឧត្តម សុខ ឥសាន នៅព្រឹកថ្ងៃអង្គារ ទី ៣ ខែមេសា ឆ្នាំ២០១៨ បានលើកឡើងថា ការអំពាវនាវឲ្យមានព្រះអន្តរាគមន៍ដល់ ព្រះមហាក្សត្រកម្ពុជា ជុំវិញ អ្វីដែលគេហៅថា កម្ពុជា មានវិបត្តិនយោបាយ នោះ ថាជាការរំខាន និងមិនអាចទទួលយកបាន។

តាមរយៈបណ្តាញសង្គម តេឡេក្រាម ឯកឧត្តម សុខ ឥសាន បានលើកឡើងថា៖

នៅក្នុងពេល មានព្រះវត្តមាន របស់ព្រះមហាក្សត្រ នៅក្នុងប្រទេស បែរជាលេចចេញ នូវមតិមួយចំនួន មកធ្វេីការ អំពាវនាវ សុំព្រះរាជអន្តរាគមន៍ ពីព្រះរាជតួនាទីរបស់ព្រះអង្គ ទៅលេីរបស់ដែលពួកគេហៅថា ការជាប់គាំងខាង នយោបាយ នៅកម្ពុជា ។

ប៉ុន្តែ ការអំពាវនាវ សុំព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រនេះ ត្រូវបានប្រជាជនកម្ពុជាទូទៅ វាយតម្លៃថាមិនត្រឹមត្រូវ និងមិនស្របតាមស្ថានការណ៏ពិត នៃប្រទេសជាតិឡេីយ ដោយសារ ៖

– មិនមានវិបត្តិនយោបាយ នៅកម្ពុជានោះទេ ។ ប្រទេសជាតិស្ថិត នៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ និង មានសុខសុវត្ថិភាពល្អប្រសេីរ ប្រជាជនរស់នៅ ក្នុងសភាពសប្បាយរីករាយ នៅក្នុងសង្គម មានការអភិវឌ្ឈន៍ រីកចម្រេីន គួរជាទីកក់ក្តៅ ឆ្ពោះទៅរកភាពរីកចម្រេីន រុងរឿង នាពេលអនាគត ។

– អតីតបក្សប្រឆាំង ដែលត្រូវរំលាយ ដោយតុលាការកំពូល ដោយសារតែទង្វេី និងអំពេីប្រព្រឹត្តល្មេីស ច្បាប់ដោយខ្លួនឯង ។

– អតីតមេបក្សប្រឆាំង បានប្រព្រឹត្តអំពេីសន្និដ្ឋិភាពជាមួយបរទេស ប៉ុនប៉ងផ្តួល រំលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ ដែលជាទោសក្បត់ជាតិ ត្រូវទទួលខុសត្រូវ ដោយខ្លួនឯង ។

– ការរំលាយអតីតបក្សប្រឆាំង និងចាប់មេដឹកនាំបក្សប្រឆាំង គឺជាការអនុវត្តច្បាប់ ដេីម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ស្របតាមស្មារតីនៃ កិច្ចព្រមព្រៀង ទីក្រុងប៉ារីសថ្ងៃ ២៣ តុលា ៩១ ។

ដូច្នេះ នៅកម្ពុជា គ្មានវិបត្តិនយោបាយអ្វីទេ ។ ការអំពាវនាវ សុំព្រះរាជអន្តរាគមន៍ ពីព្រះមហាក្សត្រ ដោយខុសទំនង គឺជាការរំខាន ដល់ព្រះរាជតួនាទី របស់ព្រះមហាក្សត្រ៕