ឯកឧត្តម សុខ ឥសាន ទណ្ឌិត សម រង្ស៊ី និងកឹមសុខាចាំបាច់ ត្រូវតែទទួលការកាត់ទោស ពីបទក្បត់ជាតិ ដូចលោក ពុយ ហ្សេម៉ុង


ភ្នំពេញ៖   ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី៤ ខែមេសានេះបានលើកឡើងថា ទណ្ឌិត សម រង្ស៊ី និងកឹមសុខាចាំបាច់ ត្រូវតែទទួលការកាត់ទោស ពីបទក្បត់ជាតិ ដូចលោក ពុយ ហ្សេម៉ុង មេដឹកនាំបំបែករដ្ឋ តំបន់កាតាឡានីញ៉ា នៅប្រទេសអេស្ប៉ាញដែរ ។

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់តាមរយៈ បណ្ដាញទំនាក់ទំនង សង្គមតេឡេក្រាម ថាលោក ពុយ ហ្សេម៉ុង មេដឹកនាំបំបែករដ្ឋ តំបន់កាតាឡានីញ៉ា បានចាកចេញពីប្រទេសអេស្ប៉ាញ ត្រូវបានចោទប្រកាន់ ជាបទក្បត់ជាតិ។ លោកបានរត់គេចខ្លួន ទៅប្រទេសអាល្លឺម៉ង់ ។ ឥឡូវនេះលោកត្រូវបាន សមត្ថកិច្ចអាល្លឺម៉ងចាប់ខ្លួន ហើយត្រូវតុលាការអាល្លឺម៉ង់ កំពុងពិចារណា ធ្វើបត្យាប័នបញ្ជូនលោក ត្រឡប់មកទទួលការកាត់ទោស នៅក្នុងប្រទេសអាស្ប៉ាញវិញ ។

ឯកឧត្តម សុខ ឥសាន បានចោទឆ្លើយជាសំណួរថា ចុះទណ្ឌិតសម រង្ស៊ី និងកឹម សុខាវិញ  ?ទាំងពីរនាក់នេះ មានលក្ខណៈដូចលោកពុយហ្សេម៉ុង និងលើសផង ដោយសារ ទណ្ឌិត សម រង្ស៊ីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងប្រគល់ទឹកដី បួនខេត្តខ្មែរ នៅភូមិភាគឦសាន នៃប្រទេសកម្ពុជាឲ្យយួន ដេហ្គាសេរីកាន់កាប់ ធ្វើជាមូលដ្ឋានប្រឆាំង នឹងប្រទេសវៀតណាម ដោយរំលោភរដ្ឋធម្មនុញ្ញ ។ កឹម សុខា បានឃុបឃិតទទួលយក ផែនការនិងអនុវត្ត ផែនការបរទេស ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ បង្កឲ្យមានអំពើប្រទូសរ៉ាយ គ្រោះថ្នាក់ដល់ប្រទេសជាតិ ដែលត្រូវចោទប្រកាន់ ពីបទក្បត់ជាតិតាមមាត្រា ៤៤៣ នៃក្រមព្រហ្មណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕