សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយកីឡាករ កីឡាការិនី ចំនួន ៣,៩៩៧នាក់


នៅល្ងាចថ្ងៃអង្គារ ០៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញសំណេះសំណាល និងពិសារបាយសាមគ្គីជាមួយក្រុមកីឡាករ កីឡាការិនីចំនួនជិត៤ពាន់នាក់ នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ការជួបជុំថ្ងៃនេះរួមមាន កីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ និងមន្ដ្រី បុគ្គលិកគ្រប់សហព័ន្ធកីឡាជាតិ និងស្ថាប័នពាក់ព័ន្ធកីឡាសរុបចំនួន ៣,៩៩៧នាក់ ។

នេះជាលើកទី៣ហើយដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសអញ្ជើ់ញជួបជុំសំណេះ សំណាលជាលក្ខណៈសាមញ្ញជាមួយបងប្អូន កូនក្មួយក្រុមកីឡាជាតិទូទាំងប្រទេស។ ការជួបជុំនេះគឺជាការផ្តល់នូវការគាំទ្រ និងភាពកក់ក្តៅដល់កីឡាករ កីឡាករនីទាំងអស់ដែលបានរួមចំណែកក្នុងការជំរុញវិស័យកីឡាអោយមានការរីកចម្រើន និងឆ្ពោះទៅរកជ័យជម្នះថ្មីៗច្រើនថែមទៀតនៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ។

នៅក្នុងពិធីជួបជុំនេះរសៀលនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយក្រៃលែងចំពោះការជួបជុំជាមួយកីឡាករកីឡាការិនី ដូចដែលបានគ្រោងទុកធ្វើជារៀងរាល់ឆ្នាំដែលនឹត្រូវធ្វើនៅថ្ងៃទី០៤ មេសា ជារៀងរាល់ឆ្នាំ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ និងបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ គ្រូបង្ហាត់ ពិសេសកីឡាករ កីឡាការនី និងសហព័ន្ធកីឡាទាំងអស់ ដែលបានរៀបចំអោយមានការជួបជុំជាលើកទី៣នេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តនឹងជំរុញអោយមានការចូលរួមអភិវឌ្ឍន៍វិស័យកីឡាអោយមានការរីកចម្រើនថែមទៀត។ ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានជំរុញអោយមានការកសាងទីធ្លាកីឡានៅតាមទីសាធារណៈបន្ថែមទៀតសំរាប់ប្រជាពលរដ្ឋបានលេងកីឡាផង និងធ្វើការហាត់ប្រាណដើម្បីសុខភាពផង។ ទន្ទឹមនឹងនេះ សម្ដេចតេជោ បានលើកទឹកចិត្តអោយមានការពង្រឹងសមត្ថភាពរបស់ កីឡាករ គ្រូបង្វឹក ក៏ដូចជាអាជ្ញាកណ្ដាលជាដើម ដើម្បីមានឱកាសបានចូលរួមបំពេញការងារទាំងក្នុងក្របខ័ណ្ឌជាតិ ក្របខ័ណ្ឌតំបន់ និងក្របខ័ណ្ឌអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរអោយកីឡាករ កីឡាការនីទាំងអស់នៅក្នុងការប្រកួតផ្សេងៗគឺត្រូវតែគោរពតាមច្បាប់ក្រឹតក្រមនៃការប្រកួតរបស់កីឡា ជាពិសេសត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់ថ្នាំញៀន ដែលធ្វើអោយប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់កិត្តយសខ្លួន និងកិត្តិយសជាតិទៀតផង ជាពិសេសត្រូវទទួលស្គាល់និងទទួលយកនូវលទ្ធផលដែលអាជ្ញាកណ្ដាលបានសម្រេច ទោះបីជាឈ្នះ ឬ ចាញ់ក្ដី មិនត្រូវដើរេចញដោយអាកប្បករិយា។ សម្តេចតេជោនាយរដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះគ្រូបង្វឹកផ្នែកកីឡាទាំងអស់ ដែលបានវិវត្តន៍ខ្លួនរីកចម្រើន និងមានសមត្ថភាពជាបន្តបន្ទាប់ ។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់បន្ថែមចំពោះកីឡាករកីឡាករិនី រួមទាំងគ្រូបង្វឹកទាំងអស់ គឺត្រូវទទួលបានរបបគាំពារសង្គមដូចៗគ្នា ដូចជាការទទួលបានសេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយមិនគិតថ្លៃ ការជិះរថយន្តក្រុងមិនគិតថ្លៃយ៉ាងហោចណាស់មិនតិចជាង២ឆ្នាំឡើយ។ ចំពោះការសំរាលកូនវិញ គឺទទួលបាន៤០ម៉ឺនរៀល បើបានកូន១, បានកូន២ទទួលបាន៨០ម៉ឺនរៀល និងបានកូន៣ទទួលបាន១លាន២សែនរៀល គឺដូចទៅនឹងកម្មករ កម្មការនីដែរ។

ចំពោះកីឡាករ កីឡាការិនី ដែលជាមន្ត្រីរាជការ ក្នុងក្របខ័ណ្ឌរដ្ឋស្រាប់ ដូចជានៅក្នុងក្រសួងការពារជាតិ ក្រសួងមហាផ្ទៃជាដើម ឬកងរាជអាវុទ្ឋហត្ថ… គឺត្រូវទទួលបានអត្ថប្រយោជន៍ដូចមន្ត្រីរាជការទូទៅ គឺមិនត្រូវមកបើកប្រាក់បន្ថែមពីខាងកីឡាមួយទៀតទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គ្រូបង្ហាត់ ពិសេសកីឡាករ កីឡាការនីទាំងអស់ ដែលបានផ្តល់នូវការស្រឡាញ់ ការគាំទ្រចំពោះការដឹកនាំរបស់
គណៈបក្សប្រជាជនកម្ពុជា។

នៅថ្ងៃនេះផងដែរ ដើម្បីជាការលើកទឹកចិត្តចំពោះកីឡាករ កីឡាការនី និងគ្រូបង្វឹកទាំងអស់ សរុបចំនួន ៣,៩៩៧ នាក់ ដែលចូលរួមក្នុងពិធីជួបជុំសំណេះសំណាលនាពេលនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់ជូននូវថវិកាក្នុងមួយនាក់ទទួលបាន ១០ម៉ឺនរៀលផងដែរ។ នៅក្នុងពិធីល្ងាចនេះ បងប្អូនកីឡាករ កីឡាការិនីក៏បានរាំលេងកំសាន្តយ៉ាងសប្បាយរីករាយក្រៃលែង៕

 32235

 32234

 32236

 32237

 32238

 32231

 32232

 32240

 32239